កីឡាករ សែន ចន្ទឫទ្ធីគុន ចេញដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីប្រកួតតំណាងគុនខ្មែរលើឆាកអន្តរជាតិ
គុនខ្មែរ៖ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករ សែន ចន្ទឫទ្ធីគុន ឬ ធីអាហ្គោ តិចសៀរ៉ា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសម៉ាឡេស៊ីហើយ ដែលរូបគេនឹងត្រូវចេញទៅប្រកួតតំណាងគុនខ្មែរជាមួយកីឡាករថៃ ខណៈអ្នកលេងពូថៅដៃ ធឿន ធារ៉ា ខកខានព្រោះរងរបួសភ្លាតឆ្អឹងកែងដៃ…។ កីឡាករ សែន ចន្ទឫទ្ធីគុន ឬធីអាហ្គោ បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរបន្តតាមយន្តហោះទៅប្រទេសម៉ាឡេស៊ីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនៅប្រទេសម៉ាឡេស៊ី។ ដៃគូរបស់កីឡាករ សែន ចន្ទឫទ្ធីគុន ឬធីអាហ្គោ គឺជាកីឡាករថៃ ដែន កៅសែន ដោយប្រកួតក្នុងនាមជាគូឯកប្រចាំព្រឹត្តិការណ៍តែម្ដង។ ពេលមកដល់ព្រលានយន្តហោះ កីឡាករ សែន ចន្ទឫទ្ធីគុន ឬធីអាហ្គោ ត្រូវបានអ្នកគាំទ្រកម្ពុជាហែរហមគួរឱ្យរំភើបចិត្ត ក្នុងនោះក៏មានអ្នកសារព័ត៌មានជាច្រើននាក់ បានចោមរោមសម្ភាសរូបគេផងដែរ។ កីឡាករ សែន ចន្ទឫទ្ធីគុន បានបញ្ជាក់ច្បាស់ថា រូបគេនឹងប្រកួតតំណាងគុនខ្មែរ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរពេញសិទ្ធិ ដូច្នេះ រូបគេនឹងខិតខំប្រឹងប្រែងប្រកួតឱ្យឈ្នះដើម្បីលើកមុខមាត់គុនខ្មែរ និងប្រទេសជាតិដែលបានផ្តល់ឱកាសឱ្យរូបគេយ៉ាងធំធេង។ សែន ចន្ទឫទ្ធីគុន ឬធីអាហ្គោ បញ្ជាក់ថា «ច្បាស់ណាស់ខ្ញុំប្រកួតតំណាងឱ្យគុនខ្មែរ ក្នុងនាមជាពលរដ្ឋខ្មែរស្របច្បាប់។ ទង់ជាតិនៅហ្នឹងដៃរបស់ខ្ញុំ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីការប្រកួតខាងមុខនេះ។ ខ្ញុំនឹងធ្វើឱ្យបានល្អបំផុតដើម្បីគុនខ្មែរ ដើម្បីអ្នកគាំទ្រកម្ពុជា និងដើម្បីមាតុភូមិរបស់ខ្ញុំ»។ សម្រួលដោយ ទៀង បុណ្ណរី