ទូតជប៉ុនរៀបចំពិធីចងចាំដល់អតីតប៉ូលិសជប៉ុនដែលត្រូវសម្លាប់ក្នុងសម័យអ៊ុនតាក់នៅកម្ពុជា

លោក អាត់ស៊ូស៊ី អ៊ូអ៉ិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ បានរៀបចំពិធីចងចាំដល់លោក Haruyuki Takata ជានគរបាលស៊ីវិលក្នុងរបបអ៊ុនតាក់ ហើយបានពលីជីវិតក្នុងការវាយប្រហារនៅកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្នុងវត្តតាំងក្រសាំងខាងត្បូង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ថ្លែងនៅក្នុងពិធីនេះ លោក អាត់ស៊ូស៊ី អ៊ូអ៉ិណុ បានលើកឡើងថា លោកអតីតប៉ូលីស Haruyuki Takata បានចូលរួមយ៉ាងសកម្មក្នុងការបំពេញតួនាទីជាសមាជិកនៃនគរបាលស៊ីវិល អ៊ុនតាក់ នៅកម្ពុជា ហើយការធ្វើប្រតិបត្តិការនេះ គឺជាលើកទី១របស់ជប៉ុនក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោក Haruyuki Takata បានស្លាប់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ កំឡុងពេលបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ជាមួយនឹងសហការីរបស់លោក។ ការស្លាប់របស់លោក Haruyuki Takata គឺមានរយៈពេល៣០ឆ្នាំមកហើយ។ លោកឯកអគ្គរាជទូតបន្តថា ជប៉ុននៅតែបន្តការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំង២ រវាងប្រជាជន និងប្រជាជនកាន់តែប្រសើរឡើង។ លោកក៏សូមឱ្យវិញ្ញាណក្ខន្ធរបស់លោក Haruyuki Takata ទៅកាន់សុគតិភព។  ចំណែក អង្គការសហប្រជាជាតិ (UN) ក៏បានផ្ញើសាររំលែកទុក្ខជាមួយស្ថានទូតជប៉ុនផងដែរ។ UN បានលើកឡើងថា លោក Haruyuki Takata បានធ្វើដំណើរមកកម្ពុជា ដើម្បីគាំទ្របេសកកម្មសន្តិភាព។ លោកបាននាំមកជាមួយនូវឧត្តមគតិរបស់អង្គការសហប្រជាជាតិ ភាពរឹងមាំ និងក្តីមេត្តា ការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់ប្រជាជាតិជប៉ុន។ ការបម្រើរបស់លោក គឺដូចជាសម្រាប់មនុស្សជាច្រើនដែលបម្រើក្នុងបេសកកម្មរក្សាសន្តិភាព ជាទង្វើនៃភាពក្លាហាន និងការលះបង់។ ទោះបីជាលោក Haruyuki Takata ទទួលមរណភាពរយៈពេល៣០ឆ្នាំមែន តែ UN នៅតែរំលឹកដល់លោក និងការបម្រើរបស់លោកជានិច្ច។ រីឯ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាវិញ ក៏បានផ្ញើសារមកកាន់ស្ថានទូជប៉ុនថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះលោក Haruyuki Takata អតីតស្នងការនគរបាលដែលត្រូវបានស្ទាក់ចាប់ និងសម្លាប់ក្នុងអំឡុងពេលបំពេញបេសកកម្ម ក្រោមក្របខណ្ឌនៃអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣។  ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងដំណើរការសន្តិភាពរបស់កម្ពុជា និងការគាំទ្ររបស់ពួកគេក្នុងការបង្រួបបង្រួមជាតិ និងឯកភាពប្រទេស។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផ្សេងទៀត។  សូមជម្រាបថា លោក Haruyuki Takata កើតនៅថ្ងទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៥៩ នៅប្រទេសជប៉ុន។ លោកត្រូវបានបញ្ជូ​នមកកម្ពុជា ដើម្បីចូលរួមសកម្មភាពអ៊ុនតាក់ នៅឆ្នាំ១៩៩២ ក្នុងឋានៈជានគរបាលស៊ីវិល ជាលើកដំបូងបង្អស់របស់ជប៉ុន។ លោកបានបូជាជីវិត នៅពេលកំពុងបំពេញបេសកកម្មរបស់ខ្លួន ក្រោយពីមានការវាយប្រហារមកលើក្បួនរថយន្តអ៊ុនតាក់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តឧត្តរមានជ័យ។ ក្រៅពីលោក Haruyuki Takata ក៏មានលោក Nakata  Atsuhito ជាមន្រ្តីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីជីវិតដែរនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង