ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលរុស្ស៊ី១៥គ្រាប់ បន្ទាប់ពីមានការវាយប្រហារថ្មីរបស់ក្រុងមូស្គូ
ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបំផ្លាញមីស៊ីលចំនួន១៥គ្រាប់ ក្នុងចំណោមមីស៊ីលសរុបចំនួន ១៨គ្រាប់ ដែលបានបាញ់ដោយកងកម្លាំងរុស្ស៊ីនៅព្រឹកថ្ងៃចន្ទនេះ ខណៈដែលទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារលើក្រុងកៀវ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ…។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន លោកស្រី វ៉ាឡេរី ហ្សាលូហ្សីនី (Valeriy Zaluzhnyi) បានឱ្យដឹងថា ប្រហែលម៉ោង២ៈ៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) រុស្ស៊ីបានបើកការឈ្លានពានវាយប្រហាមកលើអ៊ុយក្រែនសាជាថ្មី ដោយប្រើយន្តហោះយុទ្ធសាស្ត្របំពាក់ដោយមីស៊ីលចំនួន១៥គ្រាប់ក្នុងចំណោម១៨គ្រាប់ដែលបានវាយប្រហា ត្រូវបានបាញ់បំផ្លាញដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។ មន្ត្រីទីក្រុងកៀវបានលើកឡើងថា រាល់មីស៊ីលដែលតម្រង់ទៅកាន់រដ្ឋធានីត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារលើកទីពីរមកលើទីក្រុងក្នុងរយៈពេលបីថ្ងៃ។ លើសពីនេះ យោងទៅតាមព័ត៌មានបឋម មិនមានការស្លាប់ និងរបួសក្នុងចំណោមប្រជាជនស៊ីវិល និងគ្មានការបំផ្លិចបំផ្លាញលំនៅដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធនោះទេ។ ដោយឡែក លោក មីខូឡា លូកាស៊ូក (Mykola Lukashuk) ប្រធានក្រុមប្រឹក្សាតំបន់ឌីនីប្រូ (Dnipro) បានឱ្យដឹងថា ប្រទេសរុស្ស៊ី ក៏បានបាញ់មីស៊ីលទៅលើតំបន់ផ្សេងទៀតរបស់អ៊ុយក្រែនពេញមួយយប់ ខណៈប្រព័ន្ធការពារដែនអាកាស ក៏បានបាញ់ទម្លាក់មីស៊ីលទាំងនោះបានចំនួន៧គ្រាប់ផងដែរ។ លោកបន្ថែមថា ទីក្រុងប៉ាវឡូរ៉ាដ (Pavlohrad) ភាគខាងកើតអ៊ុយក្រែន ត្រូវបានវាយប្រហារពីរដងក្នុងមួយយប់ ហើយសហគ្រាសឧស្សាហកម្ម អគារផ្ទះល្វែងចំនួន១៩ និងអគារឯកជនចំនួន២៥ ក្នុងចំណោមអគារផ្សេងទៀតត្រូវបានខូចខាត ដោយការបំផ្លាញពីសំណាក់គ្រាប់មីស៊ីលទាំងនោះ។ យ៉ាងណា ជុំវិញបញ្ហានេះ រុស្ស៊ីបានអះអាងថា ការវាយប្រហារថ្មីៗមួយចំនួនត្រូវបានរៀបចំឡើង ដើម្បីរារាំងផែនការរបស់ទីក្រុងកៀវ សម្រាប់ការវាយបកដែលបានគ្រោងទុកជាយូរមកហើយទៅលើភាគខាងកើតប្រទេស៕ សម្រួលដោយ ទៀង បុណ្ណរី