កីឡាការិនី ខាន់ ចេសាមក​ដល់​កម្ពុជា ហើយ​​រំពឹងថានឹងទទួលបាន​មេដាយ​មាស​ជូន​ជាតិម្ដងទៀត

កីឡាការិនី​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។  ខាន់ ចេសា ពិត​ជា​រំភើប​រីក​រាយ និង​មាន​មោទនភាព​ដែល​បាន​តំណាង​ឲ្យ​ជាតិ​កម្ពុជា​សា​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ហើយ​រំពឹង​ទទួល​បាន​មេដាយ​មាស​ទៀត​ដើម្បី​ជូន​ជាតិ។  លោក Peter Khan ឪពុក​​បង្កើត​របស់​កីឡាការិនី ខាន់ ចេសា បាន​និយាយ​ថា ៖«យើង​ខ្ញុំ​ទាំង​អស់​គ្នា​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​មក​ដល់​កម្ពុជា​ជា​ថ្មី។ កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​ខ្លាំង​ណាស់​​ដែល​ទទួល​បាន​ឱកាស​តំណាង​ឲ្យ​កម្ពុជា ហើយ​រំពឹង​​ទទួល​បាន​មេដាយ​មាស​ជូន​ជាតិ​ទៀត»។  «កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ធំធេង​ពី​​ប្រជា​ជន​កម្ពុជា។ នេះ​ជា​ការផ្តល់​កម្តាំង​ចិត្ត និង​អ្នក​គាំទ្រ​ដ៏​សំខាន់​​ដល់​អត្តពលិក​»។ លោក Peter បាន​សង្កត់ធ្ងន់។  សូម​បញ្ជាក់​ថា កីឡាការិនី ខាន់ ចេសា ធ្លាប់​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ហើយ​ជូន​ជាតិ​កម្ពុជា ក្នុង​នោះ​លើក​ទី១ គឺ​មេដាយ​មាស​ពី​កីឡា​ទ្វីប​អាស៊ី​ ​ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​លើក​ទី​២ មេដាយ​មាស​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង