គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីប្រើប្រាស់ថវិកាសរុបជិត១ពាន់លានដុល្លារ

ខេត្តព្រះសីហនុ៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន  គម្រោងនេះជាការអភិវឌ្ឍបន្ថែមទៀតដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមានចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន៖ គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។  ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០ ០០០DWT(ឬស្មើនឹង៤០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៤៥០ ០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។  ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១២០ ០០០DWT (ឬស្មើនឹង១០ ០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៥៧០ ០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។  ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១៦០ ០០០ DWT (ឬស្មើនឹង១៥ ០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាម៉េរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៦១៧ ០០០ TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។ គម្រោងកែសម្រួលចំណតផែកុងតឺន័រពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។  ចំពោះថវិកាសរុប ក្នុងនោះរួមមាន៖ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ៧៦០លានដុល្លារអាម៉េរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ១៩២លានដុល្លារអាម៉េរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារអាម៉េរិក ដោយត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ ៣២លានដុល្លារអាម៉េរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ ២៤៣លានដុល្លារអាម៉េរិក, និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារអាម៉េរិក៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង