កម្ពុជាចុះហត្ថលេខាទទួលឥណទានសម្បទានកញ្ចប់ទី២តម្លៃជាង១៨លានដុល្លារពីជប៉ុន លើគម្រោងស្រោចស្រព និងស្តារប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA កាលពីថ្ងៃទី២៧មេសា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានតម្លៃ២៤៨២លានយ៉េន ឬស្មើនឹងជាង១៨លានដុល្លារអាម៉េរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ភាគីទាំងពីរចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍…។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាទទួលដោយ ឯកឧត្តម ហម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងលោក សានុក កាហ្ស៊ូណាសា(SANUK KAZUNASA) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា។ គួរជម្រាបថា គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ មានទិសដៅកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ដែលមានអនុគម្រោងចំនួន២ រួមមាន៖ អនុគម្រោងប្រព័ន្ធធារាសាស្ត្រ រលាំងជ្រៃ និងអនុគម្រោងប្រព័ន្ធធារាសាស្ត្រកណ្ដាលស្ទឹង-បាទី។ ការសាងសង់ទាំងនេះ នឹងធ្វើឡើងនៅខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្ដាល ដែលមានផ្ទៃដីធារាសាស្ត្រសរុបប្រមាណ ២១ ០០០ហិកតា។ គម្រោងដដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ៧៩២៥គ្រួសារ ក្នុងនោះមានកសិករខ្មែរទទួលផល ពីគម្រោងនេះប្រមាណ ៤៤ ០០០នាក់ តាមរយៈការផ្គត់ផ្គង់ធនធានទឹកស្រោចស្រពឱ្យបានគ្រប់គ្រាន់។ សូមបញ្ជាក់ថា ការផ្ដល់ឥណទានខាងលើនឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន៕ សម្រួលដោយ ទៀង បុណ្ណរី