Update៖​ ខ្មាន់កាំភ្លើងដែលបាញ់ស.ម្លា.ប់.បងប្អូនខ្លួនឯង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ខេត្តកំពត៖ ឃាតកម្មផ្តើមចេញពីគំនុំ បាញ់បងស្រីថ្លៃនិងបងស្រីជីដូនមួយបណ្ដាលឱ្យស្លាប់ទាំង២នាក់ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយតែមិនស្លាប់ ពេលនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។  លោកឧត្តមសេនីយ៌ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតឱ្យដឹងថា មានករណីបាញ់ប្រហារមួយបានកើតឡើង វេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ។ ក្រោយទទួលបានព័ត៌មាននេះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ចុះដល់កន្លែងកើតហេតុបានពិនិត្យឃើញថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់បន្ទាប់មកបានធ្វើអត្តឃាតខ្លួនឯង ដោយបាញ់ចំនួន០១ គ្រាប់ចំដើមទ្រូង(របួសធ្ងន់) បច្ចុប្បន្នកំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។  លោកបន្តថាចំពោះជនរងគ្រោះទាំងពីរនាក់ដែលស្លាប់រួមមាន៖ទី១ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុ (បងជីដូនមួយជនសង្ស័យ) ស្លាប់នៅនឹងកន្លែងកើតហេតុ ,ទី២ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ (បងថ្លៃជនសង្ស័យ) ស្លាប់ពេលបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ។​ សូមបញ្ជាក់ថា​ជនសង្ស័យខាងលើគឺជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀនផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង