ឃាតកម្មផ្តើមចេញពីគំនុំ និងឥទ្ធិពលគ្រឿងញៀន! បាញ់បងស្រីថ្លៃ និងបងស្រីជីដូនមួយជាគ្រូបង្រៀន បណ្ដាលឲ្យស្លាប់២នាក់ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយតែមិនស្លាប់ នៅស្រុកអង្គរជ័យ
កំពត៖ ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ដោយរងរបួសធ្ងន់ចំទ្រូង។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុ។ ពេលទៅដល់កម្លាំងជំនាញបានពិនិត្យឃើញថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាតខ្លួនឯង ដោយបាញ់ខ្លួនឯងចំនួន ០១ គ្រាប់ ចំដើមទ្រូង (របួសធ្ងន់) បច្ចុប្បន្នបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ដោយឡែក ជនរងគ្រោះទាំងពីរនាក់ រួមមាន៖ *ទី១៖ ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងជីដូនមួយជនសង្ស័យ) រងរបួស ០២គ្រាប់ ស្លាប់នៅនឹងកន្លែងកើតហេតុ *ទី២៖ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងថ្លៃជនសង្ស័យ) រងរបួសចំនួន២ គ្រាប់ ត្រូវបានស្លាប់នៅពេលដែលរថយន្តសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី