នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីឆក់
ខេត្តពោធិ៍សាត់៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើសចោរកម្មឆក់ចំនួន០២ករណី នៅភូមិទួលម៉ាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់…។លោកវរសេនីយ៍ទោ សុខ មេសា អធិការរងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ក្រោយទទួលបានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីចោរកម្មឆក់ជាបន្តបន្ទាប់ កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរលាប បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ទី១- ឈ្មោះ ខាត់ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ, ទី២- ឈ្មោះ ប្រាក់ សារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣- ឈ្មោះ អាត ណា ភេទប្រុស អាយុ១៦ឆ្នាំ, ទី-៤ ឈ្មោះ រឿន សុខទ្រីម ដែលពួកគេទាំង៤នាក់រស់នៅ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោកបន្តថា ក្រុមជនសង្ស័យខាងលើនេះ ពាក់ព័ន្ធក្នុងករណីឆក់កាបូបលុយចំនួន០២ករណី ដោយករណីទី១–នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០នាទី នៅចំណុចមុខKTVតាប៊ុយ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ ពៅ គឹមហុង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជិះម៉ូតូម៉ាកហ្វីណូ ពណ៌ផ្កាឈូក គ្មានផ្លាកលេខ ដែលក្នុងកាបូបនោះ មានលុយខ្មែរចំនួន៧៥០០០រៀល។ ទី២– នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក នៅលើផ្លូវជាតិលេខ៥ ចំណុចស្រង់តូច ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានសង្ស័យ ចំនួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ អ៊ុក ទុំ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្ភារបាត់បង់រួមមាន៖ ទូរសព្ទចំនួន០១គ្រឿង លុយខ្មែរចំនួន៥សែនរៀល គ្រឿងអលង្ការមួយចំនួនទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ សម្រួលដោយ ទៀង បុណ្ណរី