គួរឲ្យចាប់អារម្មណ៍ នារីមកពីអាមេរិក១រូប និងកាណាដា១រូបក្នុងក្រុមនារីកម្ពុជា
ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាអាចនឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងចាប់អារម្មណ៍នៅពេលប្រកាសបញ្ជីឈ្មោះចុងក្រោយត្រៀមការប្រកួតកីឡាស៊ីហ្គេមនាពេលដ៏ខ្លីខាងមុខនេះ។ បន្ទាប់ពីវិលត្រឡប់មកពីហ្វឹកហាត់អស់រយៈពេលប្រមាណ៦ខែនៅប្រទេសចិន ក្រុមបាល់ទាត់នារីកម្ពុជាបានបន្តហ្វឹកហាត់នៅក្នុងប្រទេសទៀត ហើយអាចនឹងប្រកាសបញ្ជីឈ្មោះចុងក្រោយក្នុងពេលដ៏ឆាប់ៗនេះ។ ដូច្នេះមានន័យថា ក្រុមដែលបានទៅហ្វឹកហាត់នៅចិនប្រហែលជាមិនជាប់ក្នុងបញ្ជីចុងក្រោយទាំងអស់នោះទេ ហើយកីឡាការិនីក្នុងស្រុកខ្លះ និងកីឡាការិនីមកពីក្រៅប្រទេសខ្លះអាចត្រូវបានដាក់ជំនួសក្នុងបញ្ជីចុងក្រោយ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺរូបភាពដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញពីក្រុមបាល់ទាត់នារីកម្ពុជាហ្វឹកហាត់កាលពីម្សិលមិញនេះមានមុខប្លែកមួយចំនួនដែលពិតជាគួរឲ្យចាប់អារម្មណ៍ ហើយក៏ប្រហែលជាកោះហៅមកពីក្រៅប្រទេសផងដែរ។ អ្វីដែលកាន់តែជាក់ច្បាស់នោះគឺកីឡាការិនីខ្មែរ-កាណាដា ឈីវ សេឡេណា (Selena Chhiv) និងកីឡាការិនីសិក្សាកីឡានៅសហរដ្ឋអាមេរិក ហួត គីមហុង ក៏មានវត្តមានក្នុងចំណោមកីឡាការិនីហ្វឹកហាត់កាលពីម្សិលមិញនេះដែរ។ កីឡាការិនី ហួត គីមហុង គីមហុង ជាប្រធានក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៨ និងស៊ុតបាន៦គ្រាប់ក្នុងការប្រកួតជើងឯក AFF Women’s Championship ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ នៅពេលក្រុមនារីកម្ពុជាបានយកឈ្នះក្រុមនារីទីម័រខាងកើតដោយលទ្ធផល ១២-០ គឺ គីមហុង ស៊ុតបាន៦គ្រាប់ម្នាក់។ បន្ទាប់ពីលេចធ្លោក្នុងក្រុមជម្រើសជាតិ និងក្រុមនារីភ្នំពេញក្រោន ហួត គីមហុង ទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកកីឡានៅមហាវិទ្យាល័យ Bryant & Stratton College ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលនាងទើបតែបញ្ចប់ការសិក្សាកាលពីពេលថ្មីៗនេះ។ ការសិក្សាផ្នែកកីឡានៅអាមេរិកឆ្នាំទី១ ហួត គីមហុង បានចូលរួមជាមួយក្រុមបាល់ទាត់មហាវិទ្យាល័យ Bryant & Stratton College Bobcats ដែលលេងនៅក្នុងក្របខណ្ឌ USCAA College League និងបានជួយក្រុមឈានដល់វគ្គ National Play-Offs។ បន្ទាប់មកនាងបានចូលរួមពាក់កណ្តាលរដូវកាល Rochester Lady Lancers ក្របខណ្ឌ Eastern Conference នៃលីគបាល់ទាត់អាមេរិកទី២។ ខែវិច្ឆិកា ឆ្នាំ២០២១ក្រុម Bryant & Stratton College Bobcats បានឈ្នះជើងឯកជាតិអាមេរិក USCAA National Championships លើកដំបូងដែលជាការប្រកួតចុងក្រោយរបស់នាងនៅទឹកដីអាមេរិក។ ពេលនេះ ហួត គីមហុង ត្រូវបានកោះហៅចូលហ្វឹកហាត់ក្នុងក្រុមបាល់ទាត់នារីកម្ពុជាដែលកំពុងត្រៀមខ្លួនប្រកួតស៊ីហ្គេម។ កីឡាការិនីខ្មែរ-កាណាដា ឈីវ សេឡេណា សេឡេណា ជាកីឡាការិនីខ្មែរ-កាណាដាមួយរូបដែលអ្នកគាំទ្រកម្ពុជាពិតជាឃើញនាងទទួលបានឱកាសចូលរួមជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា។ កីឡាការិនីដែលមានឪពុកម្តាយជាខ្មែរទាំងពីរនាក់ ប៉ុន្តែកើតនៅកាណាដា មានបទពិសោធច្រើនលើទីលានបាល់ទាត់អាជីព និងពាក់កណ្តាលអាជីពនៅប្រទេសកាណាដា។ ដើមឡើយ សេឡេណា ចាប់ផ្តើមលេងបាល់ទាត់នៅសាលារៀន និងឈានដល់ចូលក្រុមសាកលវិទ្យាល័យ។ កាលពីឆ្នាំ២០២០ នាងលេងឲ្យក្រុម CS Fabros ជាក្លឹបពាក់កណ្តាលអាជីព និងលេងឲ្យក្លឹបហ្វូតសាល Stark Futsal Club មុនពេលក្រុម Norte-Dame-De-Grace ក្នុងកម្រិតអាយុក្រោម១៩ឆ្នាំ។ កីឡាការិនីខ្មែរ-កាណាដារូបនេះធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ហើយនាងជារឿយៗក៏បានតាមដាន និងស្វែងយល់ពីកីឡាបាល់ទាត់នារីកម្ពុជាដែរ។ នេះមានន័យថា បំណងប្រាថ្នារបស់នាងចូលជម្រើសជាតិកម្ពុជា និងបំណងប្រាថ្នារបស់អ្នកគាំទ្របានកើតឡើងហើយ។ សូមបញ្ជាក់ថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល របស់ក្រុមបាល់ទាត់នារីកម្ពុជា ថ្ងៃទី៣ ខែឧសភា ជាមួយក្រុមនារីឡាវនៅកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោន។ បន្ទាប់មកនៅថ្ងៃទី៦ ខែឧសភា ជួបក្រុមនារីសិង្ហបុរី និងចុងក្រោយជួបក្រុមខ្លាំងថៃ ថ្ងៃទី៩ ខែឧសភា នៅកីឡដ្ឋានដដែល៕ សម្រួលដោយ ទៀង បុណ្ណរី