ចិនបន្តឈរកំពូលតារាងជាអ្នកទិញអង្ករកម្ពុជាច្រើនជាងគេ ខណៈបីខែដំបូងឆ្នាំ២០២៣ការនាំចេញរបស់កម្ពុជាកើនឡើង៣,៥%

ក្នុងរយៈពេលបីខែដំបូងឆ្នាំ២០២៣ប្រទេសចិនបន្តឈរកំពូលតារាងជាអ្នកបញ្ជាទិញអង្កររបស់កម្ពុជាច្រើនជាងគេដល់ទៅ៤៨ភាគរយនៃការនាំចេញសរុប ខណៈក្នុងរយៈពេលដូចគ្នានេះ កម្ពុជានាំចេញអង្ករទៅទីផ្សារបរទេសកើនឡើងបាន៣,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករចំនួនជាង១៧៦៥០០តោនកើនឡើង៣,៥ភាគរយធៀបនឹងត្រីមាសទីមួយឆ្នាំ២០២២ ដែលកាលនោះការនាំចេញមានត្រឹម ១៧ម៉ឺនតោន។ ទំហំនៃការនាំចេញនេះ នាំឱ្យកម្ពុជារកចំណូលបានគិតជាទឹកប្រាក់ ១២៦លានដុល្លារអាម៉េរិក។​ អង្ករដែលបាននាំចេញរួមមាន អង្ករក្រអូបលេខ១ អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។ ក្នុងចំណោមទីផ្សារដែលកម្ពុជានាំចេញទាំងអស់ ចិននៅតែជាអ្នកបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងចំនួនជាង៨៤០០០តោន ស្មើនឹង៤៨ភាគរយនៃការនាំចេញសរុបក្នុងត្រីមាសទីមួយ។ គួរជម្រាបថា អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសសរុបចំនួន ៤១ប្រទេសនិងតំបន់។  សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីចុងឆ្នាំ២០២២ បានដាក់គោលដៅ ​នាំចេញ​អង្ករ​ឱ្យ​បាន​៧៥ម៉ឺន​តោន​នៅ​ឆ្នាំ២០២៣នេះ​ហើយជំរុញឱ្យបានដល់១លាន​តោន​នៅ​ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមផែនការគោលសម្រាប់ឆ្នាំ២០២៣-២០២៥របស់សហព័ន្ធស្រូវអង្ករ។ តាមរយៈផែនការនេះ ចិននៅតែត្រូវបានចាត់ទុកជាទីផ្សារធំជាងគេដដែល ដោយបានរំពឹងថាការនាំអង្ករកម្ពុជាចេញទៅប្រទេសចិននឹងមានសរុប ៤០ម៉ឺនតោនក្នុងមួយឆ្នាំ​។  សូមជម្រាបថា កាលពីពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៣៧ ០០០តោន និងបាននាំចេញស្រូវចំនួនជិត៣លាន៤សែនតោន គិតជាទឹកប្រាក់ប៉ាន់ស្មានសរុបបានជាង ១,២៥លានដុល្លារអាម៉េរិក។ ក្នុងនោះនាំចេញទៅចិនជាង ៤៥ភាគ ទៅតំបន់អឺរ៉ុប៣៥ភាគរយ និងប្រទេសគោលដៅផ្សេងទៀតចំនួន២០ភាគរយ។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង