ជាចុងក្រោយ តើលោក ផែង វណ្ណៈ មាន៦បណ្តឹងនេះ ត្រូវបានរួចផុតទេ? ភាគទី០៥

បណ្តឹងទី៦៖

ជាមួយគ្នានេះដែរ លោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចប្តឹងលោក ផែង វណ្ណៈ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន៤បទល្មើស ដោយទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។

ក្នុងពាក្យបណ្តឹងដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ លោក ប្រាក់ ប៉ូលី បានប្តឹងលោក ផែង វណ្ណៈ ពីបទញុះញង់ឱ្យមានការរើសអើង, បទបរិហាកេរ្តិ៍ជាសាធារណៈ, បទប្រមាថ និងបទស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទកំហែងហែកកេរ្តិ៍ និងស្ថានទម្ងន់ទោស។

ក្នុងពាក្យបណ្តឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បានផ្សាយអត្ថបទចំនួនពីរនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើទំព័រហ្វេសប៊ុក Pheng Vannak News ដែលបានសរសេររៀបរាប់ថា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ស្នើតែងតាំងលោក ប្រាក់ ប៉ូលី ជាអភិបាលរងខេត្ត។ លោក ផែង វណ្ណៈ បានលើកឡើងថា លោក ប្រាក់ ប៉ូលី មានឪពុកធម៌ជាឧបនាយករដ្ឋមន្ត្រី ទើបរូបលោកត្រូវបានស្នើធ្វើជាអភិបាលរងខេត្ត ទោះបីលោកធ្លាប់សាងកំហុសនៅក្នុងខេត្ត ពេលកាន់តំណែងជាប្រធានមន្ទីរដែនដីខេត្តក៏ដោយ។

លោក ប្រាក់ ប៉ូលី បានរៀបរាប់ទៀតថា លោក ផែង វណ្ណៈ បានវាយប្រហារលោកលើព័ត៌មានតែងតាំងជាអភិបាលរងខេត្ត និយាយដៀមដាម ចោទប្រកាន់ និងញុះញង់ឱ្យមានការរើសអើងមកលើរូបលោកថាជាជនជាតិចាមក្បត់សាសនា និងលួចស៊ីសាច់ជ្រូកជាដើម ។ លោក ប្រាក់ ប៉ូលី បានអះអាងថាសម្តីរបស់ លោក ផែង វណ្ណៈ គឺជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរចំពោះរូបលោក និងសាសនាឥស្លាម ក៏ដូចជាសហគមន៍ឥស្លាមទាំងមូលផងដែរ ដែលលោកមិនអាចទទួលយកបានឡើយចំពោះការប្រមាថមើលងាយនេះ។

លោក ប្រាក់ ប៉ូលី បានបញ្ជាក់ទៀតថា ការផ្សាយព័ត៌មាននេះ គឺជាព័ត៌មានបំផ្លើសបំប្លៃ ព័ត៌មានបំប៉ោង ព័ត៌មានគ្មានការពិត និងជាព័ត៌មានក្លែងក្លាយបែបបំពុលសង្គម និងញុះញង់ឱ្យមានការរើសអើងមកលើរូបលោក។ ជាព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាទ និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរបំផុត។ លោក ប៉ូលី បានសំណូមពរឱ្យផ្តន្ទាទោសលោក ផែង វណ្ណៈ តាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។ លោក ប៉ូលី បានទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ ពីលោក ផែង វណ្ណៈ។

តើលោក ផែង វណ្ណៈ ពិតជាអាចគេចផុតពីសំណាញ់ច្បាប់មែនឬ?

សរុបសេចក្តីមក មហាជនបានសម្តែងការខកចិត្តជាខ្លាំងដែលឃើញលោក ផែង វណ្ណៈ នៅមានសេរីភាពនៅឡើយ និងអាចគេចផុតពីសំណាញ់ច្បាប់។  តើ​តុលាការ​នឹង​មាន​ចំណាត់​ការ​​តាម​នីតិវិធីច្បាប់ដែរឬទេ ដោយសាររហូតមកដល់ពេលនេះ គេពុំឃើញមានចំណាត់ការផ្លូវច្បាប់ណាមួយចំពោះបុគ្គល ផែង វណ្ណៈ នេះឡើយ មិនតែប៉ុណ្ណោះលោក ផែង វណ្ណៈ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួននឹងទទួលបានអាជ្ញាបណ្ណបើកគេហទំព័រព័ត៌មានរបស់ខ្លួនសារជាថ្មីវិញទៀតផង។លោក ផែង វណ្ណៈ ពិតជារងបណ្តឹងជាច្រើនក្នុងពេលតែមួយ ហើយមហាជនទូទាំងប្រទេសពិតជាចង់ដឹងថាតើ លោក ផែង វណ្ណៈ​ អាចមានស្លាបហោះ ឬមានអ្នកខ្លាំងណានៅពីក្រោយខ្នង​ដែលជួយឱ្យលោក ផែង វណ្ណៈ គេចផុតពីសំណាញ់ច្បាប់?   ​  អត្ថបទដោយ កូននាគ TNM

អត្ថបទដែលជាប់ទាក់ទង