មេបុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោងខេត្តត្បូងឃ្មុំ ប្រើអំ.ពើ.ហិង្សា.ដកអា.វុ.ធ A.K ប៉ុនប៉ង.ស.ម្លា.ប់.ប្រពន្ធ
រាជធានីភ្នំពេញ៖ មេបុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រើអំពើហិង្សាដកកាំភ្លើង AK ចេតនាប៉ុនប៉ងសម្លាប់ប្រពន្ធខ្លួនឯង ខណៈពេលនេះស្ត្រីជាភរិយាបានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរស្វែងរកយុត្តិធម៌…។ អ្នកស្រី អ៊ុ ឡានី អាយុ៣៦ឆ្នាំ ជាស្ត្រីមេផ្ទះ រស់នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ពាក្យបណ្តឹងប្តឹងស្វាមី ឈ្មោះ ធាម ដែន ជានាយប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទប្រើអំពើហិង្សាលើរាងកាយ និងប្រើអាវុធគំរាមសម្លាប់មកលើរូបនាង។ បើយោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាភរិយា បានឱ្យដឹងថា អ្នកស្រី និងស្វាមី ឈ្មោះ ធាម ដែន អាយុ៤២ឆ្នាំ បានរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា អស់រយៈពេល១៥ឆ្នាំមកហើយ និងមានកូនក្នុងបន្ទុកចំនួន៣នាក់។ ប្ដីរបស់អ្នកស្រីតែងតែផឹកស៊ី រករឿងឈ្លោះជេរដៀលប្រមាថមកលើអ្នកស្រី នៅចំពោះមុខកូនៗ និងកូនចៅក្រោមឱវាទរបស់គាត់ពេលមកលេងផ្ទះម្ដងៗ និងនៅចំពោះមុខមិត្តភក្តិគាត់ជារឿយៗ ថែមទាំងបានវាយធ្វើបាបលើរាងកាយ និងយកកាំភ្លើងមកគំរាមបាញ់សម្លាប់អ្នកស្រីជាញឹកញាប់។ ដោយទ្រាំមិនបាននឹងអំពើរបស់ស្វាមី អ្នកស្រី អ៊ុ ឡានី ក៏បានសម្រេចចិត្តដាក់ពាក្យប្តឹងស្វែងរកយុត្តិធម៌ ពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ។ គួរបញ្ជាក់ថា បើយោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាភរិយារូបនេះ ក៏បានធ្វើការស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ទៅប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ឱ្យមានចំណាត់ការលើករណីហិង្សាក្នុងគ្រួសារវាយទាត់ធាក់ធ្ងន់ធ្ងរ និងប្រើអាវុធគំរាមសម្លាប់ដោយចេតនា និងស្នើផ្តន្ទាទោសបុរស់ជាប្ដីតាមនីតិវិធីច្បាប់ ព្រមទាំងសំណូមពរកុំឱ្យមានការដោះលែងជនសង្ស័យជាប្ដីឱ្យនៅក្រៅឃុំឡើយ ព្រោះអាចនឹងបង្កគ្រោះថ្នាក់ដល់រូបនាង និងកូនៗនៅពេលខាងមុខ៕ សម្រួលដោយ ទៀង បុណ្ណរី