ការប្រើផ្កាក្រមួន ក្នុងពិធី «ឆ្លងចេត្រ» កម្របានឃើញ របស់អ្នកស្រុកជីក្រែង ខេត្តសៀមរាប
ក្នុងរូបភាពចែករំលែកប៉ុន្មានសន្លឹកនៃការរៀបចំពិធីបុណ្យ របស់អ្នកស្រុកឃុំខ្វាវ គឺឃើញមានគេជ្រៀកឬស្សីផ្គុំជារូប ព្រះវិហារ ហើយយកផ្កាក្រមួនទៅបិទពីលើឆ្អឹងឬស្សីនោះ។ បើយោងតាមការសិក្សា របស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ផ្កាក្រមួនដែលគេផ្តុំឡើងនេះ គឺសម្រាប់ប្រើក្នុងពិធី «ឆ្លងចេត្រ» ដែលអ្នកស្រុកឃុំខ្វាវ ស្រុកជីក្រែង រៀបចំធ្វើដើម្បីឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ ផ្កាក្រមួន ជាផ្កាដែលគេធ្វើឡើងពីក្រមួនឃ្មុំសម្រាប់ប្រើក្នុងពិធី «ឆ្លងចេត្រ» ដ៏សំខាន់របស់អ្នកស្រុកឃុំខ្វាវ ដែលកម្របានឃើញ។ តាមការសិក្សារបស់ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បង្ហាញថា ការហៅបែបនេះ គឺជាហៅតាមអ្នកស្រុករស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងការរៀបចំកម្មវិធីនេះ ក្រមួនត្រូវបានគេសិតរាងដូចក្បឿងសម្រាប់ប្រក់ដំបូល ឯគ្រឿងឆ្អឹងផ្កាក្រមួន គេធ្វើពីឬស្សី និងដើមគ។ បន្ទាប់ពីធ្វើផ្កាក្រមួនរួច គេហែរដាក់លើសង្ឃឹក ទៅកាន់ព្រះវិហារដែលជាទីរៀបចំកិច្ចពិធី «ឆ្លងចេត្រ» តែម្តង។ គួរបញ្ជាក់ថា របៀបនៃការធ្វើផ្កាក្រមួននេះ គឺគេយកក្រមួនឃុំទៅស្ល ដោយដាក់ក្នុងឆ្នាំង ឬចានមួយ ត្រួតលើឆ្នាំង ឬក្លាំមួយផ្សេងទៀត ដែលមានទំហំធំជាង និងដាក់ទឹក (ដូចគ្នាទៅនឹងការចំហុយម្ហូបដែរ)។ នៅពេលដែលក្រមួននោះ រលាយជាទឹករាវៗហើយ គេទុកឲ្យក្រមួននោះថមថយកំដៅបន្តិច ប៉ុន្តែប្រាកដថា វានៅតែរាវដដែលមិនទាន់កក ទើបគេប្រើឧបករណ៍ជាពុម្ព តាមរូបរាងដែលគេចង់បាន ទៅជ្រលក់យកជារាងតាមពុម្ព ហើយដាក់ចូលទឹកត្រជាក់ ដើម្បីឲ្យរឹងល្អ។ បន្ទាប់មកទៀត គេអាចយកវាទៅបិទជារូបរាងផ្សេងៗ នោះគេនឹងទទួលបានតាមការចង់បាន៕ សម្រួលដោយ ទៀង បុណ្ណរី