ក្រសួងព័ត៌មាន តម្រូវឱ្យអ្នកសារព័ត៌មានដែលផ្សាយខុស ត្រូវធ្វើការកែតម្រូវភ្លាមៗ
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមាន ប្រសាសន៍ថា ខណៈបណ្តាញសារ ព័ត៌មានកាន់តែរីកដុះដាល ក្រម សីលធម៌វិជ្ជាជីវៈ កាន់តែត្រូវបានយកចិត្តទុកដាក់ ដោយក្នុងនោះតម្រូវឱ្យអ្នកសារព័ត៌មានដែលផ្សាយខុស ត្រូវធ្វើការកែតម្រូវភ្លាមៗ ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារ ព័ត៌មាន ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ថា ខណៈដែលពិភព លោកទាំងមូល មានបណ្តាញព័ត៌មានសង្គម ជាពិសេសទូរស័ព្ទមួយ បានក្លាយជាម៉ាស៊ីនឃោសនានោះ ការជំរុញឱ្យគោរព ក្រមសីល ធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន កាន់តែមិនត្រូវធ្វេសប្រហែសនោះឡើយ។ ព្រោះថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបសុទ្ធតែអាចធ្វើជាអ្នកកា សែតបាន ដោយពួកគាត់ត្រូវអនុត្តន៍តាមក្របខ័ណ្ឌនៃរបបសារព័ត៌មាន។ ឯកឧត្តមបន្តទៀតថា សារព័ត៌មានជាផ្នែកមួយយ៉ាងសំខាន់ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម។ ជាពិសេសខណៈជិតឈានចូលមកដល់នៃដំណើរការបោះ ឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ ដំណឹងក្លែងក្លាយប្រាកដជាកើត មានច្រើន អាចបំប៉ោងឱ្យក្លាយជាព័ត៌មានដ៏ធំមួយបាន ដែលអាចប៉ះពាល់ដល់សន្តិសុខសង្គម។ ឯកឧត្តមមានប្រសាសន៍ទៀតថា ហេតុដូច្នេះ ក្រសួងបានកំណត់ កាលណាអ្នកកាសែតចេញផ្សាយដំណឹងមួយដែលខុសពីការពិត ដំបូងបំផុតគឺត្រូវធ្វើលិខិតកែតម្រូវ ហើយអ្នកដែលផ្សាយខុសត្រូវតែធ្វើការផ្សាយទាំងស្រុងនៅលិខិតដែលបានកែតម្រូវនោះ ដោយមិនធ្វើអត្ថាធិប្បាយនោះទេ។ សំឡេង៖សូមជម្រាបថា ឥឡូវនេះក្រសួងបានកំណត់ បើកាលណាចេញផ្សាយដំណឹងខុស ជាដំបូងផុតសុំធ្វើលិខិតមួយធ្វើការកែតម្រូវ ហើយអ្នកដែលផ្សាយខុសត្រូវតែផ្សាយទាំងស្រុង ដោយគ្មានអត្ថាធិ ប្បាយទេ បានន័យថាអ្នកឯងនិយាយមាត់ក្នុង Facebook អ្នកឯងត្រូវយកសំបុត្រគេមកអានឱ្យត្រូវ ដូច្នេះពេលនេះយើងល្អមួយវិញ អ៊ីចឹងបើអ្នកឯងសរសេរអាក្រក់ពីខ្ញុំ យើងសរសេរពីចំណុចល្អទៅវិញអ្នកឯងត្រូវអាន បើមិនអានទេ គឺក្រសួងដកអាជ្ញាប័ណ្ណចេញតែម្តង បើអ្នកឯងសរសេរពីយើងមួយដូចជាជួយផ្សាយយើង ពីព្រោះសរសេរសំបុត្រទៅវិញបំភ្លឺទាំងអស់ តែសុំបំភ្លឺសុំកុំជេរ បើជេរក៏គេមានសិទ្ធិមិនផ្សាយឱ្យយើងដែរ។ សូមជម្រាបផងដែរថា ខេត្ត សៀមរាបជាខេត្តដែលមានសក្តានុពលខ្ពស់មួយ បន្ទាប់ពីរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន បានជ្រើសរើសយកជាគោលដៅ ក្នុងការរៀបចំព្រឹត្តិការណ៍តូចធំ ទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ និងការបដិសណ្ឋារកិច្ចមន្ត្រីជាន់ខ្ពស់នានា ដូច្នេះការងារផលិតព័ត៌មានពីព្រឹត្តិការណ៍ទាំង នោះ ជាកត្តាសំខាន់ណាស់ ដើម្បីបង្កើនការផ្សព្វផ្សាយទៅកាន់សាធារណជន។ ក្នុងនោះផងដែរ ខេត្តសៀមរាប មានស្ថានីយ៍វិទ្យុកំពុងដំណើរការផ្សាយ ចំនួន៣៨ ស្ថានីយ៍ ផ្សាយផ្ទាល់មាន១៧ ស្ថានីយ៍ និងផ្សាយបន្ត២១ស្ថានីយ៍ ។ ទូរទស្សន៍ដំណើរការផ្សាយ មាន ១៨ស្ថានីយ៍ ភាគច្រើនផ្សាយរលក ធាតុអាកាស អង្គភាពគេហទំព័រមានចំនួន២៧ និងកាសែតមាន១២ អង្គភាព៕ សម្រួលដោយ ទៀង បុណ្ណរី