ថ្លើមធំណាស់! ហ៊ានធ្វើរបងរំលោភផ្លូវសាធារណៈ ប៉ុន្តែអាជ្ញាធរមិនបានប្រាប់ថាជានរណានោះទេ
បន្ទាយមានជ័យ៖ ការសាងសង់រំលោភចំណីផ្លូវសាធារណៈជាអំពើល្មើសច្បាប់។ មិនមែនឱ្យតែមានលុយ អួតអាងចេះហ៊ានធ្វើផ្តេសផ្តាស់បានទេ។ ប៉ុន្តែនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានអ្នកមានលុយម្នាក់ ថ្លើមធំហ៊ានធ្វើរបងរំលោភចំណីផ្លូវដែក ហើយត្រូវបានអាជ្ញាធរក្រុង ចុះហាមឃាត់ និងបញ្ជាឱ្យរុះរើចេញជាបន្ទាន់កាលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ បុគ្គលអាងទឹកលុយ បានសាងរបងថ្មរំលោភចំណីផ្លូវដែកពីចញ្ចើមផ្លូវប្រមាណជា២ម៉ែត្រ។ ក្រោយចុះពិនិត្យ អាជ្ញាធរក្រុងប៉ោយប៉ែត គឺលោក មាស សំណាង អភិបាលរងក្រុង បានហៅម្ចាស់សំណង់ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពហើយត្រូវរុះរើរបងថ្មដែលកសាងរំលោភចំណីផ្លូវដែកចេញជាបន្ទាន់។ ជុំវិញបញ្ហានេះ យើងនៅមិនដឹងថា បុគ្គលអាងទឹកលុយថ្លើមធំហ៊ានធ្វើរបងរំលោភផ្លូវសាធារណៈ ជានរណានោះទេ ព្រោះតែអាជ្ញាធរមិនបង្ហាញអត្តសញ្ញាណជនដែលហ៊ានប្រព្រឹត្តិបទល្មើសនោះឡើយ ក្រោយបុគ្គលអាងទឹកលុយនេះ បានសន្យារុះរេីរបងថ្មរំលោភចំណីផ្លូវដែកចេញវិញ៕ សម្រួលដោយ ទៀង បុណ្ណរី