ម្ចាស់រថយន្ត RANGEROVER ដែលត្រូវចោរលួច ចេញមុខបញ្ជាក់ពីអត្តសញ្ញាណបណ្ណក្នុងរថយន្តមិនមែនជាឈ្មោះជនសង្ស័យ
ខេត្តបន្ទាយមានជ័យ៖ ម្ចាស់រថយន្ត RANGEROVER ដែលត្រូវបានចោរលួចហើយបើករត់ទៅចាក់សាំងមិនឱ្យលុយគេនៅស្រុកព្រះនេត្រព្រះ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់មកកាន់ អង្គភាពសារព័ត៌មាន TNM ថា អត្តសញ្ញាណបណ្ណដែលសមត្ថិកច្ចប្រទះឃើញក្នុងរថយន្តស៊េរីទំនើបនោះ មិនមែនជារបស់ជនសង្ស័យដែលលួចរថយន្តទេ តែជារបស់លោកផ្ទាល់ដែលជាជនរងគ្រោះ…។ យោងតាម លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងករណីលួចរថយន្តម៉ាក់ RANGEROVER ពាក់ស្លាកលេខ ភ្នំពេញ 2BT.5818 មានឈ្មោះ ផល ភីរុំ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ មានមុខរបបជាងបាញ់ថ្នាំរថយន្តនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៣ ខែមេសា ម្សិលមិញ ក្រោយពេលដែលកម្លាំងជំនាញខេត្តបន្ទាយមានជ័យធ្វើការសាកសួររួចរាល់ ក៏បានប្រគល់ជូនកម្លាំងជំនាញនៃស្នងការរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ ចំណែករថយន្តប្រគល់ បានប្រគល់ជូនម្ចាស់ដើមវិញឈ្មោះ ទូ គីម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ១៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ គួររំលឹកថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មានជនសង្ស័យម្នាក់ដែលគេស្គាល់ថា ជាកូនជាងបាញ់ថ្នាំរថយន្តនៅការ៉ាស់ជួសជុលរថយន្តមួយកន្លែង បានបើករថយន្ត RANGEROVER ចូលចាក់សាំងនៅការ៉ាស់សាំង ស្ថិតក្នុងចំណុចភូមិរហោល ឃុំរហាល ស្រុកព្រះនេត្រព្រះ ក្រោយចាក់រួចពុំមានលុយឱ្យគេ ក៏បើករត់គេចខ្លួន តែត្រូវម្ចាស់ការ៉ាស់ដេញតាមព្រមទាំងបានរាយកាណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ ទើបកម្លាំងចរាចរណ៍ផ្លូវគោកនៅក្បែរនោះ សហការជាមួយកម្លាំងជំនាញ ឃាត់បានជនសង្ស័យ និងរថយន្តនាំយកមកសាកសួរ ទើមដឹងថា ជាមុខសញ្ញាលួចរថយន្តពីការ៉ាស់ជួសជុលបាញ់ថ្នាំរបស់ឈ្មោះ ស៊ីម ពិសិដ្ឋ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហើយភ្លាមៗ កម្លាំងជំនាញក៏បានឆែកឆេរឃើញអត្តសញ្ញាណបណ្ណមួយសន្លឹក ដែលមានឈ្នោះថា ទូ គីម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ១៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជារបស់ម្ចាស់រថយន្តផ្ទាល់ ពុំមែនជាជនសង្ស័យទេ សូមបងប្អូនកុំមានការយល់ច្រឡំ៕ សម្រួលដោយ ទៀង បុណ្ណរី