អង្គការសង្គមស៊ីវិល ស្នើឱ្យមានការដាក់ទោសទណ្ឌលើអ្នកដាក់អន្ទាក់សត្វព្រៃធ្ងន់ធ្ងរ
ខេត្តពោធិ៍សាត់៖ អង្គការសង្គមស៊ីវិលដែលធ្វើការអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា បានទទូចចង់ឃើញមានការអនុវត្តទោសទណ្ឌចំពោះអ្នកដាក់អន្ទាក់ចាប់សត្វព្រៃមកធ្វើជាអាហារឱ្យធ្ងន់ធ្ងរជាងរាល់ថ្ងៃ ពោលគឺជាប់ទោសចាប់ពី១ឆ្នាំ ទៅ៥ឆ្នាំ។ លោក សេង ទៀក នាយកអង្គការ WWFប្រចាំនៅកម្ពុជា បានឱ្យដឹងថា យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅឆ្នាំ២០២២កន្លងមក បានរកឃើញអន្ទាក់ដែលជនល្មើសដាក់នៅតំបន់ការពារដើម្បីចាប់សត្វព្រៃនៅទូទាំងប្រទេស បានចំនួន៣៥១៩៣អន្ទាក់។ លោកបញ្ជាក់ថា «អ៊ីចឹង[..]បើព្រៀងអន្ទាក់ដែលបានចាប់នៅក្នុងឆ្នាំ២០២១ មុនយុទ្ធនាការអន្ទាក់សូន្យមានជាង៦ម៉ឺនអន្ទាក់ ថយចុះមកជាង៣ម៉ឺនអន្ទាក់ គឺថយចុះប្រហែល៤០ភាគរយ»។ លោកបានបន្តថា មន្ត្រីអភិរក្ស ចាប់បានកាំភ្លើងកែច្នៃមុនយុទ្ធនាការអន្ទាក់សូន្យ ដកហូតជាង៩០០ដើម និងចុងឆ្នាំ២០២២ កាំភ្លើងដែលប្រមូលមានចំនួន៥១៦ដើម ដូច្នេះមានការថយចុះជិត៥០ភាគរយ។ នាយកអង្កការរូបនេះបន្ថែមថា «វិធានការច្បាប់ត្រូវតែអនុវត្តឱ្យបានតឹងរឹងចំពោះអ្នកដែលសម្លាប់សត្វ និងជួញដូរសត្វព្រៃ។ ចំណុចដែលយុទ្ធនាការអន្ទាក់សូន្យសម្រេច គឺយើង ត្រូវពិនិត្យលើគោលនយោបាយ និងច្បាប់ពិសេស នោះការផាកពិន័យ ការដាក់ទោសទណ្ឌ និងមានប្រសិទ្ធភាព»។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យមានការពិនិត្យ និងកែប្រែនូវមាត្រាមួយចំនួនពាក់ព័ន្ធនឹងការហាមសម្លាប់ ចាប់សត្វព្រៃ។ លោកថា «បច្ចុប្បន្ន បានអនុវត្តចំពោះអ្នកដែលចាប់ ទាក់ ស្លាប់សត្វព្រៃ ដោយគ្រាន់តែធ្វើកិច្ចសន្យា និងផាកពិន័យពី១លានរៀល ទៅ១០លានរៀល ដែលចំនួននេះតិចបំផុត។ ខ្ញុំចង់ឃើញការដាក់ទោសទណ្ឌនេះ គឺជាទោសទណ្ឌមួយដែលជាប់ពន្ធនាគារពី១ទៅ៥ឆ្នាំចំពោះអ្នកមានអន្ទាក់ និងសម្លាប់សត្វព្រៃ អ៊ីចឹង[..]ខ្ញុំស្នើក្រសួងបរិស្ថាន ពិនិត្យមើលមាត្រាមួយចំនួនពាក់ព័ន្ធនឹងច្បាប់តំបន់ការពារ ដើម្បីឱ្យយុទ្ធនាការអន្ទាក់សូន្យសម្រេចបានដោយជោគជ័យ យើងមិនត្រឹមនាំគ្នាដោះអន្ទាក់ពីតំន់ការពារនោះទេ គឺយើងត្រូវមានការអនុវត្តច្បាប់ឱ្យតឹងរាំង ការអប់រំផ្សព្វផ្សាយឱ្យមានផ្លាស់ប្តូរឥរិយាបថចំពោះអ្នកហូបសាច់សត្វព្រៃ ឬនៅតាមភោជណីយដ្ឋានជាដើម»។ ដោយឡែក លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការ WEA បានឱ្យដឹងថា សត្វព្រៃមួយភាគធំត្រូវបានសម្លាប់ ដោយសារឆ្កែប្រម៉ាញ់ កាំភ្លើងច្នៃ អន្ទាក់ និងការចាប់ទាំងរស់ជាដើម។ អន្ទាក់ជាឧបករណ៍ដ៏គ្រោះថ្នាក់បំផុតមួយដែលអាចសម្លាប់សត្វព្រៃតាំងពីសត្វតូចៗ ដូចជាសត្វពង្រូលរហូតដល់កូនដំរីជាដើម។ លោកថា «វាជារឿងដែលអភ័ព្វបំផុតសម្រាប់សត្វព្រៃនៅក្នុងប្រទេសកម្ពុជា ដែលកាលពីសម័យសង្រ្គាម សត្វព្រៃត្រូវទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ពេលនេះសន្តិភាពហើយ តែសត្វព្រៃនៅតែមិនទាន់ទទួលបានសន្តិភាពដូចមនុស្សយើងនៅឡើយ ហើយនៅរត់គេចខ្លួនពីកន្លែងមួយទៅកន្លែងមួយដោយភ័យខ្លាចបំផុត ដូចប្រជាជនយើងរត់គេចខ្លួនកាលពីសម័យសង្រ្គាមដូច្នេះដែរ។ យុទ្ធនាការថ្ងៃនេះ កំពុងស្វែងរកសន្តិភាពសម្រាប់សត្វព្រៃគ្រប់ប្រភេទនៅតំបន់នេះ និងទូទាំងប្រទេសផងដែរ…»៕ សម្រួលដោយ ទៀង បុណ្ណរី