ប៉ូលិសថៃចិត្តល្អ ជួយដឹកអាហារជំនួសអ្នកដឹកជញ្ជូន ក្រោយដួលម៉ូតូ
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងបាងកកនៃប្រទេសថៃមានអ្នកដឹកជញ្ជូន Grab ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានប៉ូលិសជួយដឹកជញ្ជូនអាហារជំនួសគាត់ទៅឲ្យអតិថិជនទាន់ពេលវេលា ។ ដំបូងឡើយបុរសវ័យ ៤៥ ឆ្នាំនោះចេញដឹកអាហារជាមួយកូនស្រីអាយុ ១៤ ឆ្នាំរបស់ខ្លួន ប៉ុន្តែដោយសារមេឃក្ដៅនិងគេងមិនគ្រប់គ្រាន់ទើបគាត់សន្លប់ភ្លាមៗធ្វើឲ្យដួលម៉ូតូទៅ យ៉ាងណាកូនស្រីជំទង់របស់លោកមិនមានគ្រោះថ្នាក់អ្វីឡើយ ។ ប៉ូលិសដែលបានជួយបុរសរងគ្រោះមានឈ្មោះថា គ្រីតសាណាឆៃ ស៊ីឆារើន (Kritsanachai Sicharoen) គាត់ប្រាប់ឲ្យក្មេងស្រីនោះចាំយាមឪពុក និងសុំអាសយដ្ឋានអតិថិជនពីនាងដើម្បីរកប្រាក់ចំណូលឲ្យអ្នកទាំងពីរវិញ ។ ទង្វើរបស់ប៉ូលិសចិត្តធម៌ខាងលើធ្វើឲ្យមហាជនស្ងើចសរសើរជាខ្លាំង អ្នកខ្លះនិយាយថា “អរគុណលោកប៉ូលិស! អ្នកគួរឲ្យស្រលាញ់ណាស់ ប៉ូលសភូមិន្ទថៃគួរតែផ្តល់រង្វាន់ដល់អ្នកសម្រាប់រឿងនេះ!” និងម្នាក់ទៀតសរសេរថា “ខ្ញុំសង្ឃឹមថាប្រទេសថៃមានប៉ូលិសចិត្តល្អបែបនេះជាច្រើនទៀត” ៕ សម្រួលដោយ ទៀង បុណ្ណរី