រុស្ស៊ី ហាមឃាត់ប្រជាជនជប៉ុនជុំវិញការធ្វើយុទ្ធនាការទាមទារអធិបតេយ្យភាពលើកោះមានជម្លោះ
អគ្គរដ្ឋអាជ្ញារុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃសុក្រទី ២១ ខែមេសាថា ខ្លួនបានហាមឃាត់ក្រុមធ្វើយុទ្ធនាការទាមទារអធិបតេយ្យភាពរបស់ជប៉ុនលើកោះមានជម្លោះចំនួនបួនដែលសហភាពសូវៀតបានរឹបអូសនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងតូក្យូ។ ក្រុមដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធអ្នករស់នៅលើកោះ Chishima និង Habomai បានរៀបចំការធ្វើដំណើរប្រចាំឆ្នាំទៅកាន់កោះ ដោយអតីតអ្នកស្រុកជប៉ុន និងកូនចៅរបស់ពួកគេ រាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញបន្ទាប់ពីសង្គ្រាម។ កោះភាគខាងត្បូងបំផុតទាំងបួនដែលត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ី ត្រូវបានទាមទារដោយប្រទេសជប៉ុនថាជាដែនដីភាគខាងជើងរបស់ខ្លួន។ ជម្លោះនេះបានរារាំងភាគីទាំងពីរមិនឱ្យចុះហត្ថលេខាជាផ្លូវការនូវសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់សង្គ្រាម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរដ្ឋអាជ្ញារុស្ស៊ីបានចោទប្រកាន់សម្ព័ន្ធអ្នករស់នៅលើកោះថា បង្កើតគំនិតអវិជ្ជមានលើរុស្ស៊ី និងបង្កអស្ថិរភាពលើខ្សែសង្វាក់កោះ ដែលភាគីរុស្ស៊ីសំដៅទៅលើប្រជុំកោះគូរីល។ លើសពីនេះ ការិយាល័យអគ្គរដ្ឋអាជ្ញាបានរាយការណ៍ថា ៖«ខ្លួនរកឃើញថាសកម្មភាពរបស់អង្គការបរទេសមានគោលបំណងរំលោភលើបូរណភាពទឹកដីនៃសហព័ន្ធរុស្ស៊ី»។ ចំណាត់ការរបស់ភាគីរុស្ស៊ីកើតឡើងចំពេលដែលទំនាក់ទំនងដ៏សោះកក្រោះរវាងរុស្ស៊ី និងជប៉ុនដែលបានចូលរួមជាមួយដៃគូរបស់ខ្លួននៅក្នុងក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7) ដោយការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។ គួរបញ្ជាក់ថា ទីក្រុងតូក្យូបានតវ៉ាជាមួយក្រុងម៉ូស្គូកាលពីថ្ងៃចន្ទទី ១៧ ខែមេសា ជុំវិញសមយុទ្ធដែលធ្វើឡើងដោយកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ីនៅជិតប្រជុំកោះមានជម្លោះ។ យ៉ាងណាមិញ វិមានក្រែមឡាំងបានច្រានចោលការតវ៉ាដោយអះអាងថា សមយុទ្ធនេះគឺស្របតាមច្បាប់អន្តរជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី