បុរសម្នាក់ជិះរថយន្តស៊េរីទំនើបចាក់សាំងមិនឱ្យលុយត្រូវសមត្ថកិច្ចឃាត់ខ្លួន ទើបដឹងថាការពិតលួចគេជិះសោះ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដែលគេស្គាល់ថាជាកូនជាងបាញ់ថ្នាំឡាននៅការ៉ាស់ជួសជុលរថយន្តមួយកន្លែង ត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីបានលួចឡានមេចេញពីភ្នំពេញហើយទៅឈប់ចាក់សាំងនៅស្រុកព្រះនេត្រព្រះអត់លុយឱ្យគេ រួចបើករត់គេចខ្លួន។  ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានជិះរថយន្ត RANGEROVER ពាក់ស្លាកលេខ ភ្នំពេញ2BT.5818 ចូលចាក់សាំងនៅការ៉ាស់សាំងមួយកន្លែងក្នុងស្រុកព្រះនេត្រព្រះ ក្រោយចាក់រួចពុំមានលុយឱ្យគេ ក៏បើករត់គេចតែសំណាងល្អត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តនៅចំណុចគោលដៅបានចាប់ឃាត់ និងធ្វើការឆែកឆេររកឃើញមានអត្តសញ្ញាណបណ្ណជាប់ខ្លួនមានឈ្មោះ ទូ គីម អាយុ ៣៣ឆ្នាំ រស់នៅភូមិ១៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយកម្លាំងជំនាញទទួលបានព័ត៌មានតាមបណ្តាញសង្គមថាមានរថយន្តភិនភាគដូច្នេះត្រូវបានចោរលួចចេញពីការ៉ាស់ជួសជុលមួយកន្លែង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញផងនោះ ទើបកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្ត ចាប់ប្រគល់ជូនកម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។  សូមរំលឹកថា រថយន្តម៉ាក់ RANGE ROVER ត្រូវបានភ្ញៀវយកមកធ្វើការជួសជុលបាញ់ថ្នាំនៅការ៉ាស់មួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ហើយក៏ត្រូវជនសង្ស័យដែលជាកូនជាងធ្វើនៅក្នុងការ៉ាសនោះលួចជិះរត់គេចខ្លួន ភ្លាមៗម្ចាស់ការ៉ាស់ជួសជុលរថយន្តបានដាក់ពាក្យបណ្តឹងនៅខេត្តកំពង់ឆ្នាំងផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង