ឆេះផ្ទះមេភូមិជ្រាវអស់ទាំងស្រុង ដោយសារតែភ្លើងទៀនធូប
អគ្គិភ័យបានឆាបឆេះផ្ទះលោកមេភូមិជ្រាវអស់ទាំងស្រុង ដោយសារតែភ្លើងទៀនធូប។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២២ និង៣០ នាទីថ្ងៃទី ២១ ខែមេសាឆ្នាំ២០២៣ ស្ថិតនៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅក្បាលព្រលប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ ឧបាសិកា រៀល រឺ ដែលត្រូវជាម្តាយក្មេករបស់លោកមេភូមិជ្រាវ បានឡើងទៅអុជធូបទៀននៅជាន់ខាងលើ រួចចុះមកសម្រាកនៅបន្ទប់ជាន់ផ្ទាល់ដី រហូតដល់ម៉ោង ២២និង៣០នាទី ឃើញភ្លើងឆាបឆេះសន្ធោសន្ធៅនៅកន្លែងអុជធូប។ សមត្ថកិច្ចបានឲ្យដឹងថា ការបាត់បង់និងខូចខាតរួមមាន៖ តួផ្ទះទាំងមូល, ផ្ទះចាស់ធ្វើអំពីថ្មក្រោម និងឈើលើទំហ៊ុ ៧ម៉ែត្រ x ១៣,៥០ម៉ែត្រ ត្រូវភ្លើងឆាបឆេះ ១០០% ,គ្រឿងសង្ហាររឹមនៅក្នុងផ្ទះ រួមទាំងឯកសារសំខាន់ និងគ្រឿងអលង្ការនិងលុយខ្មែរចំនួន ១០,៤០០,០០០៛ ( ដប់លានសែសិបម៉ឺនរៀល)។ សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកសរុបចំនួណ ០៥ឡាន ហើយអគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ២៣និង៣០នាទីថ្ងៃដដែល៕ សម្រួលដោយ ទៀង បុណ្ណរី