អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចឱ្យអាជីវករលក់ដូរតាមចិញ្ចើមសួនមានជ័យ បន្តលក់បានតែត្រូវគោរពតាមគោលការណ៍រដ្ឋបាល
ខេត្តន្ទាយមានជ័យ៖ បន្ទាប់ពីមានការតវ៉ា និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលលក់ដូរតាមចិញ្ចើមសួនមានជ័យក្រោយពីអាជ្ញាធរចុះរុះរើនាពេលថ្មីៗនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចអនុញ្ញតឱ្យអាជីវករទាំងនោះអាចបន្តលក់បានតែក្រោយឈប់លក់ត្រូវរុះរើហើយរៀបចំទុកដាក់ឱ្យបានស្អាតមិនឱ្យប៉ះពាល់សណ្តាប់ធ្នាប់សួននោះទេ។ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ មេសា បានឱ្យដឹងថា ជាការណែនាំពីអភិបាលខេត្ត រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងដល់អាជីវករដែលកំពុងលក់ដូរលើការ៉ូឡាសួន ត្រូវរុះរើសម្ភារលក់ដូរចេញដោយខ្លួនឯង ដើម្បីរៀបថ្មីឱ្យមានសោភ័ណភាពល្អមិនឱ្យមានភាពរញ៉េរញ៉ៃប៉ះពាល់សណ្តាប់ធ្នាប់សួនមានជ័យក្នុងក្រុងសិរីសោភ័ណនោះទេ។ រដ្ឋបាលខេត្តក៏បានចុះរុះរើស្រាប់តែពេលមន្ត្រីជំនាញចុះអនុវត្តក៏មានអាជីវករប្រមាណជាង១០នាក់ បាននាំគ្នាធ្វើការតវ៉ាសុំដាក់កន្លែងលក់ដូចដើមវិញ ក្រោមហេតុផលថាពិបាកដឹកជញ្ជូនទៅវិញទៅមកហើយមានការពិបាករៀបចំឡើងវិញ។ គួរបញ្ជាក់ថា ក្រោយមានការតវ៉ាពីអាជីវករបែបនេះ អាជ្ញាធរក៏បានអញ្ជើញតំណាងអាជីវករជិត១០នាក់ចូលរួមប្រជុំរកដំណោះស្រាយបញ្ចប់បញ្ហានេះ ហើយដោយមានការយោគយល់ និងអធ្យាស្រ័យ អភិបាលខេត្តក៏បានសម្រេចឱ្យអាជីវករទាំងនោះរៀបចំកន្លែងលក់ដូរបានតែក្រោយពេលឈប់លក់ត្រូវរុះរើចេញហើយរៀបចំទុកដាក់សម្ភារទាំងនោះមួយកន្លែងឱ្យបានស្អាតមិនឱ្យប៉ះពាល់សណ្តាប់សាធារណៈនោះទេ ហើយអាជីវករណាអាចទទួលយកសំណើនេះទើបអាចលក់វិញ ៕ សម្រួលដោយ ទៀង បុណ្ណរី