បានស្គាល់អត្តសញ្ញាណជនដៃដល់ក្នុងករណីឃាតកម្មសម្លាប់បុគ្គលិកកាស៊ីណូនៅក្រុងបាវិត

បើតាមសមត្ថកិច្ចបានបញ្ចាក់ថា ជនដៃដល់ក្នុងករណីឃាតកម្មលើនារីជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិតមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ជនដៃដល់បានចូលទៅសំងំលាក់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់ «កុលាបបីទង» នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ សមត្ថកិច្ចបន្ថែមថា នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងបាន​ទទួលព័ត៌មាន​ពីម្ចាស់ផ្ទះសំណាក់ កុលាបបីទង ឈ្មោះ ស៉ឹម វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ ថាមានករណីមនុស្សពុលថ្នាំនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យចុះទៅ​កន្លែងកើតហេតុ។ ពេលទៅដល់ឃើញថា ជនរងគ្រោះពុលថ្នាំនេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មនៅក្រុងបាវិត ខេត្តស្វាយរៀង។ ហើយបានបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។ ជនដៃដល់នៅមិនទាន់ដឹងខ្លួន និងសួរចម្លើយបាននៅឡើយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង