ប្រទេសឡាវ ហាមនាំចូលគុយទាវទូកកញ្ចប់មួយប្រភេទរបស់ ថៃ ក្រោយរកឃើញបាក់តេរីលើសស្ដង់ដារ
ប្រទេសឡាវបានហាមប្រាមការនាំចូលគុយទាវទូកថៃ ឬហៅម្យ៉ាងទៀតថា Kuay Tiew Rua ក្រោយមានរបាយការណ៍ពីការចម្លងមេរោគបាក់តេរីនៅក្នុងផលិតផល ។ នាយកដ្ឋានអាហារ និងឱសថក្នុងប្រទេសឡាវបានចេញសេចក្តីជូនដំណឹងកាលពីដើមខែនេះ ដើម្បីហាមឃាត់ការនាំចូលគុយទាវទូករបស់ក្រុមហ៊ុន Lerros ពីប្រទេសថៃ ដោយសារវាមានផ្ទុកបាក់តេរី Bacillus cereus លើសពីស្តង់ដារធម្មតា ដែលអាចបង្កបញ្ហាដល់សុខភាព ។ គុយទាវកញ្ចប់នេះផ្ទុកទៅដោយមីក្រូបាក់តេរីប្រហែល ៦,៦០០ លើសពីស្តង់ដារដែលកំណត់ដោយក្រសួងសុខាភិបាលក្នុងប្រទេសថៃ ដែលកំណត់ក្នុងចំនួន ១,០០០ មីក្រូបាក់តេរីសម្រាប់កញ្ចប់គ្រឿងទេស គុយទាវ និងមីសួរជាដើម ។ យោងតាមសារព័ត៌មាន Thai PBS បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថក្នុងប្រទេសថៃក៏បានព្រមានសាធារណជនអំពីការទទួលទានគុយទាវកញ្ចប់ដែលចែកចាយដោយក្រុមហ៊ុន Lerros Interfoods ដែលមានមូលដ្ឋាននៅខេត្ត Samut Prakan ប្រទេសឡាវផងដែរ ។ទន្ទឹមនោះ នាយកដ្ឋានចំណីអាហារ និងឱសថឡាវក៏បានជំរុញ និងណែនាំអ្នកត្រួតពិនិត្យម្ហូបអាហារ ឲ្យឆែកឆេរការនាំចូល និងចរាចរផលិតផលនៅលើទីផ្សារ និងជូនដំណឹងដល់ប្រជាពលរដ្ឋចៀសសវាងការទទួលទាន លក់ ឬការនាំចូលទំនិញទាំងនេះ ។ គួរបញ្ជាក់ថា រោគសញ្ញា ក៏ដូចជាអាការបណ្ដាលមកពីបាក់តេរី Bacillus cereus អាចចាប់ផ្តើមពី ៦ ទៅ ១៥ នាទី បន្ទាប់ពីទទួលទានអាហារដែលមានមេរោគ ហើយអ្នកខ្លះអាចជួបប្រទះនូវការក្អួតចង្អោរចន្លោះពី ៣០ នាទីទៅ ៦ ម៉ោង បន្ទាប់ពីទទួលទានអាហារ ៕ សម្រួលដោយ ទៀង បុណ្ណរី