ផ្ទះជាង៣ពាន់ខ្នងរងការខូចខាត ស្លាប់និងរបួសមនុស្សជាង២០នាក់ដោយសារខ្យល់កន្ត្រាក់និងរន្ទះបាញ់ក្នុងពិធីបុណ្យចូលឆ្នាំ
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបបញ្ចប់ទៅថ្មីៗនេះ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសប្រមាណជាង២០នាក់ និងខូចខាតផ្ទះសម្បែងជាង៣ពាន់ខ្នង ព្រមទាំងអគារផ្សេងៗមួយចំនួនទៀត។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែមេសា នេះថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខ្យល់កន្ត្រាក់បានកើតឡើងនៅរាជធានីខេត្តចំនួន២៤ លើកលែងខេត្តកែប បណ្តាលឱ្យផ្ទះរលំ និងខូចធ្ងន់ជាង២០០ខ្នង របើកដំបូល និងខូចមធ្យមជិត៣ពាន់ខ្នង ដំបូលសាលារៀន១៥កន្លែងនិងលិចទូកនេសាទនៅសមុទ្រចំនួន៥គ្រឿង។ លោកបានបន្តទៀតថា ដោយឡែកនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះដែរគ្រោះរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់ ងាប់គោចំនួន៥ក្បាល និងស្លាប់ដោយសារខ្យល់ព្យុះចំនួន១នាក់ និងរបួសចំនួន១៩នាក់ផងដែរ។ គួរបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន៣២លើកទៅលើខេត្តចំនួន១៤បណ្តាលឱ្យខូតខាតផ្ទះធ្ងន់ធ្ងរចំនួន១៧០ខ្នង របើកដំបូលនិងខូចខាតមធ្យមចំនួន១២២៦ខ្នងរបើកដំបូលសាលារៀន១៥អគារកុដិព្រះសង្ឃ១ខ្នង អគាររដ្ឋបាល២ខ្នងលិចទូកនេសាទ២គ្រឿងស្លាប់២នាក់របួស១២នាក់និងជួយសង្គ្រោះបានចំនួន១៦នាក់។ ចំណែកគ្រោះរន្ទះបាញ់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣បានកើតឡើងចំនួន៣លើកនៅខេត្តក្រចេះឧត្តរមានជ័យនិងបាត់ដំបងមិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ទេដោយគ្រាន់តែរងរបួសធ្ងន់ស្រាលចំនួន៣នាក់និងងាប់គោ១ក្បាលប៉ុណ្ណោះ៕ សម្រួលដោយ ទៀង បុណ្ណរី