ក្រោយផ្អាកផ្គត់ផ្គង់វ៉ាក់សាំងទៅ COVAX ឥណ្ឌា ចាប់ផ្ដើមចាក់ដល់ប្រជាជនអាយុពី ៤៥ ឆ្នាំឡើងទៅ

រដ្ឋាភិបាលឥណ្ឌាបានពង្រីកសិទ្ធិទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីចាក់ដល់អ្នកដែលមានអាយុលើសពី ៤៥ ឆ្នាំ នៅពេលចំនួននៃករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងចាប់តាំងពីចុងខែកុម្ភៈ ។

វិធានការនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលប្រទេសនេះបានរាយការណ៍ថាមានករណីឆ្លងថ្មីជាង ៧២,០០០ ករណីដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែតុលា ។

ស្ត្រីអាយុ ៤៩ ឆ្នាំនៅទីក្រុងញូវដែលីបាននិយាយថា លោកស្រីបានដាក់ពាក្យសុំចាក់វ៉ាក់សាំងភ្លាមៗ បន្ទាប់ពីលោកស្រីមានសិទ្ធិទទួលបានការចាក់នេះ ។ លោកស្រីបាននិយាយថា លោកស្រីមានអារម្មណ៍ល្អក្នុងការចាក់វ៉ាក់សាំង ប៉ុន្តែនឹងបន្តសង្កេតវិធានការប្រឆាំងនឹងការឆ្លង ។

រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងឲ្យប្រជាជនចំនួន ៣០០ លាននាក់នៅរដូវក្តៅនេះ ។

ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងនេះកំពុងដំណើរការយឺតៗដោយមានពលរដ្ឋត្រឹមតែ ៥៥ លាននាក់ ឬប្រហែល ៤ ភាគរយនៃប្រជាជនប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយល្បឿនយឺតនេះគឺដោយសារកត្តាជាច្រើនរួមទាំងកង្វះកន្លែងចាក់វ៉ាក់សាំងជាដើម ។

ទន្ទឹមនោះគម្រោង COVAX ដែលជាកម្មវិធីគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីធានាការចែកចាយវ៉ាក់សាំងដោយស្មើភាពបាននិយាយកាលពីសប្តាហ៍មុនថា តម្រូវការកើនឡើងរបស់ឥណ្ឌានឹងបណ្តាលឲ្យមានការពន្យារពេលនៃការចែកចាយវ៉ាក់សាំងដែលផលិតនៅទីនោះ ។ ប្រទេសឥណ្ឌាបានដាក់កំហិតការនាំចេញជាបណ្តោះអាសន្ននៃវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងចុងក្រោយបង្អស់របស់ប្រទេសឥណ្ឌានាពេលនេះអាចជំរុញការនាំចេញវ៉ាក់សាំងជាថ្មីដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្រោមការសន្យាពីគម្រោង COVAX ៕

អត្ថបទដែលជាប់ទាក់ទង