ជនបរទេសល្បីឈ្មោះ៥រូបនេះ ទទួលបានសញ្ជាតិខ្មែរ ក្រោយបានរួមចំណែកជួយកម្ពុជា
សញ្ជាតិ សំដៅដល់ចំណងគតិយុត្ត និងនយោបាយដែលភ្ជាប់ជនបរទេសទៅនឹងប្រទេសណាមួយ។ ចំពោះការផ្តល់សញ្ជាតិខ្មែរឲ្យជនបរទេសណាមួយ ត្រូវមានលក្ខខណ្ឌមួយចំនួនដែលអនុលោមតាមច្បាប់ស្ដីពីសញ្ជាតិរបស់កម្ពុជា។ នៅថ្ងៃនេះ សូមណែនាំឲ្យស្គាល់ជនបរទេសល្បីឈ្មោះចំនួន៥រូបដែលទទួលបានសញ្ជាតិខ្មែរ ក្រោយអ្នកទាំងនោះបានរួមចំណែកក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកម្ពុជា។ កីឡាករប្រដាល់ Thiago Teixeira បានទទួលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីកីឡាករជនជាតិប្រេស៊ីលរូបនេះ បានរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់គុនខ្មែរទៅកាន់ពិភពលោក។ ក្រោយបានប្រកួតជាមួយកីឡាករកម្ពុជា ធឿន ធារ៉ា កាលពីខែកុម្ភៈ កីឡាករ Thiago បានចាប់អារម្មណ៍ខ្លាំងលើគុនខ្មែរ ហើយបានសម្រេចចិត្តមកហ្វឹកហាត់គុនខ្មែរនៅកម្ពុជា ថែមទាំងបានប្រកាសធ្វើជាតំណាងឲ្យគុនខ្មែរក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ។ ពេលលឺឈ្មោះ អ៊ែនជេលីណា ចូលី មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ គឺជាឈ្មោះតារាហូលីវូដដ៏មានកេរិ៍្តឈ្មោះល្បីល្បាញ។ អ្នកនាង អ៊ែនជេលីណា ចូលី ត្រូវបានគេចាត់ទុកថា ជាតារាហូលីវូដម្នាក់ដែលធ្លាប់បានមកកាន់ប្រទេសកម្ពុជាជាច្រើនលើក ច្រើនសារ ចាប់តាំងពីឆ្នាំ២០០០មក។ តារាហូលីវូដរូបនេះ បានរួមចំណែកលើកិច្ចការមនុស្សធម៌នៅកម្ពុជាយ៉ាងច្រើនតាមរយៈមូលនិធិម៉ាដក្សចូលីភីត ដែលការបង្កើតឡើងនូវមូលនិធិនេះ គឺបន្ទាប់ពីអ្នកនាងបានយកក្មេងប្រុសកម្ពុជាម្នាក់ទៅចិញ្ចឹមដែលប្រៀបដូចជាកូនបង្កើតរបស់នាង។ មូលនិធិម៉ាដក្សចូលីភីត ជាកម្មវិធីអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ការពារសំឡូត ខេត្តបាត់ដំបង ដោយបានផ្តល់ការគាំទ្រដល់ភូមិនានានៅតាមជនបទ ការថែរក្សាការពារព្រៃឈើ និងសត្វព្រៃដែលកំពុងរងការគំរាមកំហែង រួមទាំងបានដាក់បញ្ចូលគម្រោងគាំទ្រវិស័យកសិកម្ម អប់រំ សុខាភិបាល និងកិច្ចពង្រឹងអំណាចស្ត្រី។ ការលះបង់ទាំងនេះហើយ ទើបព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជូនអ្នកនាង អ៊ែនជេលីណា ចូលី កាលពីអំឡុងខែសីហា ឆ្នាំ២០០៥។ កាលពីអំឡុងឆ្នាំ២០២២ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមដល់គ្រួសារសកម្មជនការពារព្រៃឈើ លោក ដាវិស បេន យ៉ូសែប ដែលមានសមាជិកចំនួន ៤រូប គឺលោក ដាវិស បេន យ៉ូសែប ភរិយារបសលោក ព្រមទាំងកូនស្រីចំនួន២នាក់ទៀត។ លោក ដាវិស បេន យ៉ូសែប គឺជាជនជាតិអាមេរិកាំង ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាប្រហែលជាង៣០ឆ្នាំក្នុងការរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។ កីឡាករ DEREK BIDAUT គឺជាជនជាតិបារាំងដែលបានមករស់នៅកម្ពុជា កាលពីឆ្នាំ២០០៩ បន្ទាប់ពីជាប់ចិត្តយ៉ាងខ្លាំងនឹងក្បាច់គុនបុរាណខ្មែរ ជាពិសេសគុនល្បុក្កតោ។ កីឡាករ DEREK BIDAUT បានចូលរួមសម្តែងគុនល្បុក្កតោក្នុងពិធីថ្នាក់ជាតិសំខាន់ធំៗជាច្រើន ដូចជា អង្គរសង្ក្រាន្ត បុណ្យសមុទ្រ កីឡាជាតិ និងកម្មវិធីអន្តរជាតិផ្សេងៗ ខណៈ បច្ចុប្បន្ន លោកក៏ជាគ្រូបង្ហាត់ក្បាច់គុនខ្មែរ និងល្បុក្កតោ ផងដែរ។ ការតស៊ូក្នុងអាជីពក្បាច់គុនល្បុក្កតោ និងគុនខ្មែរអស់រយៈពេលប្រមាណជាង១០ឆ្នាំ កីឡាករជនជាតិបារាំងរូបនេះ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ កាលពីឆ្នាំ២០២០។ លោក Christian ដែលជាស្ថាបនិកនៃអង្គការដើម្បីស្នាមញញឹមនៃកុមារ និងភរិយារបស់លោក ត្រូវបានអតីតព្រះមហាវីរក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ផ្ដល់សញ្ជាតិជាពលរដ្ឋខ្មែរ មុនពេលលោក Christian បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៦។ លោក Christian និងភរិយា បានបង្កើតអង្គការដើម្បីស្នាមញញឹមនៃកុមារ ដែលជួយឧបត្ថម្ភដល់ការថែទាំ និងការអប់រំដល់ក្មេងអនាថា ក្មេងរើសសំរាមនៅស្ទឹងមានជ័យ និងក្មេងក្រីក្ររាប់សិបម៉ឺននាក់ ចាប់តាំងពីដើមឆ្នាំ១៩៩៥មក។ លោក និងភរិយា ក៏តែងតែទទួលបានការកោតសរសើរដោយផ្ទាល់ពីអង្គព្រះមហាក្សត្រនៃកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី