មុនបាញ់តដៃជាមួយសមត្ថកិច្ច ក្រុម ជនសង្ស័យបានលួចរថយន្ដស៊េរីទំនើបម៉ាកអេស្កាឡែត ពណ៌ខៀវមួយគ្រឿង យកមកជួសជុលប្ដូរពណ៌

ករណីផ្ទុះអាវុធតដៃគ្នាជាមួយកម្លាំងនគរបាលព្រហ្មពណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បណ្ដាលឲ្យជនសង្ស័យ២នាក់ស្លាប់ និងរបួសសមត្ថកិច្ចម្នាក់នោះ មុនពេលផ្ទុះអាវុធក្រុមជនសង្ស័យបានលួចរថយន្ដមួយគ្រឿងម៉ាកអេស្កាឡែត ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2BM 8712 ពីក្នុងមូលដ្ឋានខណ្ឌមានជ័យ ហើយយកមកយាន្តដ្ឋានជួសជុលរថយន្ត (កន្លែងកើតហេតុ) ដើម្បីកែ និងប្តូរពណ៌។ បើតាមសមត្ថកិច្ចឲ្យដឹងថា ដោយឃើញជនសង្ស័យកំពុងជិះម៉ូតូ២គ្រឿងគ្នា៤នាក់ក៏ដេញឃាត់ខ្លួន តែត្រូវជនសង្ស័យដកកាំភ្លើងបាញ់ស្រោចទៅលើកម្លាំងសមត្ថកិច្ចធ្វើឲ្យរងរបួសនាយរងផ្នែកព្រហ្មទណ្ឌម្នាក់ចំជើង។ ខណ:នោះដើម្បីការពារខ្លួនសមត្ថកិច្ចបានប្រើប្រាស់សិទ្ធការពារខ្លួនដោយបាញ់តបតវិញបណ្តាលឲ្យជនសង្ស័យ២នាក់ស្លាប់នៅនឹងកន្លែង ចំណែកជនសង្ស័យ២នាក់ទៀតគេចខ្លួនបាត់។  បើតាមលោកឩត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមជនសង្ស័យ ជាមុខសញ្ញាកាច់កលួចម៉ូតូ និងលួចរថយន្តយ៉ាងសកម្ម ដោយមានអាវុធ​ដែលតែងតែបាញ់គម្រាម​ជនរងគ្រោះពេលចេញធ្វើសកម្មភាពនាពេលកន្លងមក។  សូមបញ្ជាក់ថា​ ករណីផ្ទុះអាវុធតដៃគ្នាជាមួយសមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យដែលគេចខ្លួនសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង