សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងសង្ក្រានវត្តភ្នំ ក្រោយបន្លំលួចទូរស័ព្ទបាន១៥គ្រឿង

ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីបន្លំលួចទូរស័ព្ទចំនួន១៥គ្រឿងនៅក្នុងពីធីសង្កា្រនវត្តភ្នំ។  ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទី១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន)។ ទី២-ឈ្មោះ ជា សាវិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះ រាជ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន)។  ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅចំណុចខាងត្បូងរមណីយ៍ដ្ឋានវត្តភ្នំ (មុខនាឡិការ) លួចបានទូរស័ព្ទចំនួន១៥គ្រឿងមានម៉ាក IphoneX ចំនួន៤គ្រឿ, ម៉ាក IphoneXs max ចំនួន១គ្រឿង, ម៉ាក Iphone11 ចំនួន ៤គ្រឿង, ម៉ាក Iphone 8Plus ចំនួន ១គ្រឿង, ម៉ាក Realme ចំនួន ២គ្រឿង, ម៉ាក Vivo ចំនួន ១គ្រឿង, ម៉ាក ZERO ចំនួន ១គ្រឿង, ម៉ាក Oppo ចំនួន ១គ្រឿង។  ជនសង្ស័យរួមជាមួយវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕   សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង