មហាជនឆ្ងល់ណាស់ថាជនស៊ីវិលមានសិទ្ធិឈរកាក់រថយន្តយកលុយនៅស្ពានស្ទឹងមានជ័យ​ ជាមន្ត្រីស្ថាប័នខាងណា..?

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋម្នាក់ បានផ្ញើវីដេអូឃ្លីបមួយមកកាន់ការិយាល័យ អង្គភាពសារព័ត៌មាន ធី អិន អឹម ដើម្បីសុំការបំភ្លឺពីសំណាក់អាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានី ថាបានបង្កើតស្ថាប័នជនស៊ីវិលយកលុយរថយន្តដឹកទំនិញ និងរថយន្តសណ្តោងកុងតឺន័រនៅពេលយប់ឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យនេះតាំងពីពេលណា ហើយជ្រកក្រោមស្ថាប័នជាតិណាមួយដែរ បានជាមានសិទ្ធិចាំយកលុយពីបណ្តារថយន្តដឹកជញ្ជូនធំៗ និងរថយន្តដឹកទំនិញដាក់ចូលហៅក្នុងប៉ៅបែបនេះ…?  ប្រភពពីប្រជាពលរដ្ឋដែលសុំលាក់អត្តសញ្ញាណ បានរៀបរាប់ឱ្យដឹងថា មួយរយៈចុងក្រោយនេះ គេតែងសង្កេតឃើញមានឆ្មាំរជាជនស៊ីវិលចាំយាមនៅក្រោមស្ពាន និងមានសិទ្ធិដើរយកលុយពីរថយន្តធំៗ រថយន្តដឹកទំនិញ ដែលបើកឆ្លងកាត់ផ្លូវ និងស្ពានស្ទឹងមានជ័យដាក់ចូលក្នុងហៅប៉ៅរបស់ពួកគេ ដែលសកម្មភាពទាំងនោះ ហាក់បង្ហាញពីភាពអណាធិបតេយ្យ និងជាការប្រព្រឹត្តិអំពើពុករលួយ។ ពលរដ្ឋខាងលើរៀបរាប់បន្ថែមថា រថយន្តធន់ធំទាំងនោះ តែងបង្កការកកស្ទះជាខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រោះតែមានសណ្តោងកុងតឺន័រ មានប្រវែងវែងនៅខាងក្រោយ ហើយតែងចេញចូលឆ្លងកាត់ផ្លូវក្រោមស្ពានស្ទឹងមានជ័យជាប្រចាំ ជួនកាលលួចចូលមុនម៉ោង២១ៈ០០នាទី ដែលរដ្ឋបានហាមឃាត់ទៀតផង។  ប្រភពពីប្រជាពលរដ្ឋខាងលើ បានបន្តថា អាជ្ញាធរគួរមានវិធានការឱ្យក្រុមហ៊ុនរថយន្តធន់ធំ ឬរថយន្តដឹកទំនិញទាំងនោះបង់ប្រាក់ចូលរដ្ឋតាមទម្រង់រដ្ឋបាលប្រចាំខែ មិនគួរឱ្យជនស៊ីវិលដើរយកលុយនៅទីសាធារណៈបែបនេះទេ វាអាក្រក់មើលខ្លាំងណាស់ ម្យ៉ាងវាក៏បាត់គុណតម្លៃ ក្នុងនាមជាមន្ត្រីរាជការសាធារណៈផងដែរ ប្រសិនបើបុគ្គលរូបនោះ ប្រមូលលុយយកទៅឱ្យអាជ្ញាធរពាក់ព័ន្ធណាមួយមែននោះ ប៉ុន្តែបើជនស៊ីវិលរូបនោះ យកលុយដោយចិត្តឯង អាជ្ញាធរក៏គួរមានវិធានការផ្លូវច្បាប់លើជនស៊ីវិលរូបនោះដែរ ព្រោះសកម្មភាពដែលគេកំពុងធ្វើ វាបានជះឥទ្ធិពលមិនល្អដល់សង្គម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកេរ្តិ៍ឈ្មោះមន្ត្រីរាជការសាធារណៈ ដែលមានភារកិច្ចត្រួតពិនិត្យកិច្ចការទាំងអស់នេះ។ យ៉ាងណា ប្រជាពលរដ្ឋ បានស្នើសុំឱ្យលោកអភិបាលខណ្ឌមានជ័យ និងឯកឧត្តមអភិបាលរាជធានី មេត្តាត្រួតពិនិត្យមើលសកម្មភាពជនស៊ីវិលទាំងនោះផង ព្រោះសកម្មភាពបែបនេះ មិនទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរឡើយ ឬមួយក៏ដូចការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនថា «ប្រហែលជាខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃហ៊ានចូលមកលងអ្នកស្រុកដល់ក្នុងភូមិបែបនេះ…?»…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង