ប្រទេស ឡាវ ចេញច្បាប់ហាមប្រាមចំនួន ៨ មិនឲ្យពលរដ្ឋប្រព្រឹត្តថ្ងៃចូលឆ្នាំថ្មី

អាជ្ញាធរក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវបានចេញច្បាប់ហាមប្រាមចំនួន ៨ ដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តតាម ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យ Pi Mai ។   សេចក្តីជូនដំណឹង ក៏ដូចជាច្បាប់ហាមប្រាមដែលចេញដោយបញ្ជាការដ្ឋានប៉ូលិសក្រុងវៀងចន្ទន៍ ក្រោមក្រសួងសន្តិសុខសាធារណៈ ទាំង ៨ នោះរួមមាន៖   ១. ហាមលក់ ឬទិញវត្ថុគ្រប់ប្រភេទណាដែលមានសំឡេងឭខ្លាំង និងហាមបាញ់កាំជ្រួច ឬផាវគ្រប់ប្រភេទ ។ កុំប្រើសារធាតុផ្ទុះ សារធាតុគីមី ឬសារធាតុវិទ្យុសកម្ម ។  ២. កុំប្រើធុងទឹកធំៗ ដូចជា បាសាំងទឹក ឬប្រើទុយោទឹកបាញ់អ្នកដទៃដែលកំពុងធ្វើដំណើរនៅលើផ្លូវ ។ កុំ​ប្រារព្ធ​ពិធី​ជប់លៀង​នៅ​តាម​ផ្លូវ ឬ​ចិញ្ចើម​ថ្នល់ ។  ៣. កុំប្រើ ឬគប់ទឹកដែលមិនមានអនាម័យ ទឹកពណ៌ ទឹកក្ដៅ ឬពុល ទឹកកក ឬទឹកច្រកក្នុងប៉េងប៉ោង ។ ហាម​ស្លៀក​សម្លៀក​បំពាក់​មិន​សមរម្យ ស៊ិចស៊ី ឬលេចលើលេចក្រោមជាដើម ។  ៤. ហាមប្រារព្ធពិធីនៅច្រាំងទន្លេមេគង្គដោយមិនមានការអនុញ្ញាត ឬនៅតំបន់ក្បែរមាត់ទន្លេ ដោយគ្មានវត្តមានមន្ត្រីនគរបាល ។   ៥. ហាមប្រើប្រាស់យានជំនិះដើម្បីដង្ហែ ឬបិទផ្លូវ មិនត្រូវជិះម៉ូតូ ឬបើកបរយានជំនិះជាក្រុម និងមិនត្រូវបើកបរក្នុងពេលស្រវឹង ។   ៦. កុំ​ចាក់​ភ្លេង ឬចម្រៀងឭ​ខ្លាំង​នៅ​ផ្ទះ កន្លែង​អាជីវកម្ម ឬ​កន្លែង​សាធារណៈ ។ កម្រិតសំឡេងតន្ត្រីមិនត្រូវលើសពី ៨០ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១ យប់ ។   ៧. អ្នក​ដំណើរ​មិន​គួរ​អង្គុយ​លើ​គែមខាងក្រោយ​របស់​រថយន្ត​ភីកអាប់ អំឡុងពេល​ធ្វើ​ដំណើរឡើយ ។ ឡានដឹកទំនិញ និងឡានក្រុងមិនត្រូវផ្ទុកទំនិញលើសទម្ងន់ ឬលើសអ្នកដំណើរឡើយ ។ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ ។  ៨. ហាម​ជះទឹកដាក់​មន្ត្រី​ប៉ូលិស​ដែល​បំពេញ​ភារកិច្ច​ រក្សា​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ ឬ​កន្លែង​ណា​ផ្សេង​ទៀត ។  គួរបញ្ជាក់ថា ប្រទេសឡាវនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៣ ថ្ងៃ ពោលនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង