ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានការកកស្ទះ ខណៈពលករខ្មែរធ្វើការនៅប្រទេសថៃនាំគ្នាសម្រុកចូលមកលេងស្រុកមុនចូលឆ្នាំ
បន្ទាយមានជ័យ៖ ពលករខ្មែរបម្រើការងារនៅប្រទេសថៃរាប់ពាន់នាក់នៅព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣នេះ បានសម្រុកត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើតដែលធ្វើឱ្យកកស្ទះនៅព្រំដែន។ លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹថា ចាប់ពីខែមេសា ឆ្នាំ ២០២៣ នេះមក មានពលករខ្មែរប្រុស-ស្រី រាប់ពាន់នាក់បានចាប់ផ្តើមនាំគ្នាសម្រុកចេញពីប្រទេសថៃចូលមកស្រុកខ្មែរវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកលេងចូលឆ្នាំថ្មីនៅស្រុកកំណើត។ លោក គៀត ហ៊ុល បន្តទៀតថា ការវិលត្រឡប់ចេញពីប្រទេសថៃរបស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានប៉ាស្ព័រ និងលិខិតឆ្លងដែនទាំងអស់គ្នា ពលករទាំងអស់នេះកំពុងអង្គុយចាំវៃប៉ាស្ព័រ និងលិខិតឆ្លងដែនដើម្បីវិលចូលមកស្រុកកំណើតវិញ។ លោកបញ្ជាក់បន្តទៀតថា ពលករខ្មែរដែលវិលត្រឡប់មកក្នុងស្រុកខ្មែរវិញពេលនេះគឺពួកគាត់មានប៉ាស្ព័រ និងបណ្ណស្នាក់នៅដែលមានសុពលភាព ២ ឆ្នាំ ទាំងអស់ និងពលករភាគច្រើននាំគ្នាធ្វើការនៅខេត្តរាក់យ៉ង និងខេត្តស្រះកែវ ប្រទេស ថៃ ដើម្បីវិលត្រឡប់មកស្រុកកំណើតវិញដោយខានមិនបាន ដែលមានចំនួនពលករដែលវិលត្រឡប់មកស្រុកកំណើត វិញនោះគឺមានចំនួនជាង ៥ ពាន់ នាក់ ហើយចាប់ពីថ្ងៃទី១ ខែមេសា មកម្លេះ ការធ្វើដំណើរគឺចាប់ពីព្រឹកម៉ោង ៧ រហូតដល់ ម៉ោង ១២ យប់ ឯណោះ ទើបមានការបិទច្រកទ្វារអន្តរជាតិតែម្ដង។ ក្នុងនោះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពលរដ្ឋខ្មែរ ដែលមកពីប្រទេសថៃនោះ អាជ្ញាធរខេត្តអាជ្ញាធរក្រុង និងមន្ត្រីអន្តោប្រវេសន៍ បានប្រមូលពួកគាត់ឲ្យនៅក្នុងមណ្ឌលសំចតមួយរយៈ ដើម្បីរង់ចាំត្រួតពិនិត្យ លើបញ្ហាសុខភាពពីសំណាក់លោកគ្រូពេទ្យសិនមិនឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះឡើយ ព្រោះខ្លាចពួកគាត់ផ្ទុក នូវមេរោគកូវីដ១៩៕ សម្រួលដោយ ទៀង បុណ្ណរី