រដ្ឋបាលខេត្តព្រះសីហនុបន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជន
TNM(ខេត្តព្រះសីហនុ) ៖ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួននៅព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។
១.លោកឧកញ៉ា តែ តាំងប៉ ប្រធាន និងក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងលោកជំទាវ ឧបត្ថម្ភ អង្ករ៣.០០០ គីឡូក្រាម ម៉ាស ២៥.០០០ ទឹកបរិសុទ្ធ២០០កេស អាល់កុល៣០០លីត្រ ទឹកត្រី៣០០យួរ ទឹកស៊ីអ៊ីវ៣០០យួរ និងមី១០០កេស។
២.ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ (GANZBERGBEER) ឧបត្ថម្ភ ម៉ាស៊ីនបាញ់ថ្នាំងសម្លាប់មេរោគចំនួន ១៥ គ្រឿង និងភេសជ្ជៈចំនួន ២០កេស។
៣.ដេប៉ូ ហុងដា ក្រុងព្រះសីហនុឧបត្ថម្ភ ម៉ាស ៥០ ប្រអប់ អាល់កុល ៣០លីត្រ ទឹកពិសាបរិសុទ្ធ ២០កេស និងថវិកាចំនួន ២.០០០.០០០ រៀល។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា តែ តាំងប៉ ប្រធាន និងក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងលោកជំទាវ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ(GANZBERGBEER) និង ដេប៉ូ ហុងដា ក្រុងព្រះសីហនុ ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។
លោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕