និស្សិតអាហារូបករណ៍ នៃគម្រោងអប់រំសហគមន៍រេដបូកតំបន់ជួរភ្នំក្រវាញ ប្ដេជ្ញាយកជំនាញដែលខ្លួនបានរៀនមកជួយអភិវឌ្ឍមូលដ្ឋាន

ពោធិ៍សាត់៖ យុវជន ថន ខាក់ ជានិស្សិតក្រីក្រមួយរូប ក្នុងចំណោមនិស្សិតក្រីក្រផ្សេងទៀត មកពីតំបន់ការពារធនធានធម្មជាតិ ដែលទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា (មហាវិទ្យាល័យ រយៈពេល៤ឆ្នាំ) ពីគម្រោងអប់រំសហគមន៍រេដបូក (REDD+) តំបន់ជួរភ្នំក្រវាញខាងត្បូង ជំនាន់ទី២ ដែលមានក្រសួងបរិស្ថាន ជាម្ចាស់គម្រោង និងអនុវត្តន៍គម្រោងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្ដេជ្ញា​យក​​​​ជំនាញ វិទ្យាសាស្រ្តកសិកម្មដែលបានរៀនសូត្រដើម្បីជួយដល់ភូមិ-ឃុំ របស់ខ្លួនវិញ…។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាឱកាសបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅទីរួមខេត្តពោធិ៍សាត់ យុវជន ថន ខាក់ ដែលកំពុងសិក្សាឆ្នាំទី២ លើជំនាញវិទ្យាសាស្រ្តកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលដាក់ពាក្យសុំអាហារូបករណ៍ គឺអង្គការអត់មានកំណត់អ្វីនោះទេ ប៉ុន្តែ នៅពេលរៀនចប់ត្រូវតែមកជួយសហគមន៍វិញរយៈពេល៣ឆ្នាំ អ៊ឹចឹងយើងត្រូវយកចំណេះជំនាញដែលរៀនមកជួយអភិវឌ្ឍន៍ភូមិ-ឃុំ ទៅតាមជំនាញ ដើម្បីកែប្រែប្រជាពលរដ្ឋកុំឱ្យចូលព្រៃបរបាញ់សត្វ និងកាប់ឈើជាដើម។ យុវជន ថន ខាក់ បានគូសបញ្ជាក់ថា៖ «អាហារូបករណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) គឺល្អខ្លាំងមែនទែន ផ្តល់ការបង់លុយឱ្យសាលា កន្លែងស្នាក់នៅ ទឹក ភ្លើង និងផ្តល់ថវិកា១៥០ដុល្លារក្នុង១ខែ ដើម្បីប្រើប្រាស់ មានទាំងធានារ៉ាប់រងសុខភាព ទាំងការកាត់សម្លៀកបំពាក់ក្នុង១ឆ្នាំ ចំនួន៣កំប្លេ ស្បែកជើង កាបូប សម្ភារសិក្សា»។ និស្សិតដែលទទួលបានអាហារូបករណ៍ មានភាពកក់ក្ដៅ និងខិតខំសិក្សារៀនសូត្រនូវជំនាញដែលខ្លួនជ្រើសរើស ដើម្បីយកមកចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល។  យុវជន ថន ខាក់ ក៏បានបង្ហាញពីមោទនកភាពយ៉ាងខ្លាំង បន្ទាប់ពីទទួលបានអាហារូបករណ៍នៃគម្រោងរេដបូក ជួរភ្នំក្រវាញខាងត្បូង ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ខណៈនៅមូលដ្ឋានរបស់ខ្លួនមិនទាន់មានយុវជនណាម្នាក់ទទួលបានអាហារូបករណ៍នេះ ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនោះទេ។ «បើសិនគ្មានអាហារូបករណ៍នេះទេ ខ្ញុំក៏មិនអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ នៅរាជធានីភ្នំពេញបានដែរ ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកជំនាញទៅអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីពន្យល់ ណែនាំប្រជាពលរដ្ឋមិនឱ្យចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ»។ រេដបូក គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូក មានគោលបំណងការពារព្រៃ ឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង