អ៊ុយក្រែនកំពុងប្រឈមនឹងការលេចធ្លាយព័ត៌មានយោធា បន្ទាប់ពីផែនការជំនួយរបស់អង្គការណាតូលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
មេដឹកនាំអ៊ុយក្រែនបានពិភាក្សាអំពីវិធីដើម្បីការពារការលេចធ្លាយព័ត៌មានយោធានៅថ្ងៃសុក្រទី ៧ ខែមេសា បន្ទាប់ពីឯកសារសម្ងាត់ដែលរៀបរាប់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក និងអង្គការណាតូ ដើម្បីជួយប្រទេសនេះរៀបចំផែនការប្រឆាំងការឈ្លានពានរបស់រុស្ស៊ីបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី ៦ ខែមេសា ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកថា ឯកសារសង្គ្រាមរបស់រដ្ឋាភិបាលត្រូវបានបង្ហោះក្នុងសប្តាហ៍នេះនៅលើបណ្តាញសង្គមធ្វីតធ័រ និងកម្មវិធីតេឡេក្រាម ដែលកម្មវិធីទាំង ២ នេះត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសរុស្ស៊ី។ មន្ត្រីអ៊ុយក្រែនម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ឯកសារមានផ្ទុកនូវព័ត៌មានប្រឌិតយ៉ាងច្រើន ហើយការបង្ហោះទាំងនោះមើលទៅដូចជាប្រតិបត្តិការព័ត៌មានមិនពិតរបស់រុស្ស៊ី ដើម្បីសាបព្រោះមន្ទិលចំពោះការវាយលុកដែលទាមទារអាវុធទំនើបពីលោកខាងលិច។ ទន្ទឹមនឹងនេះ មន្ត្រីអាម៉េរិកបីនាក់ដែលនិយាយទៅកាន់រ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា រុស្ស៊ី ឬក្រុមដែលគាំទ្ររុស្ស៊ីទំនងជានៅពីក្រោយការលេចធ្លាយ។ កាសែត New York Times បានរាយការណ៍ថា ក្រោយមកនៅថ្ងៃសុក្រ ឯកសារសម្ងាត់បន្ថែមទៀត ដែលបង្ហាញលម្អិតអំពីអាថ៌កម្បាំងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ទាក់ទងនឹងតំបន់នានា រួមទាំងអ៊ុយក្រែន មជ្ឈិមបូព៌ា និងប្រទេសចិន បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មន្ទីរបញ្ចកោណបានបដិសេធមិនធ្វើអត្ថាធិប្បាយលើភាពត្រឹមត្រូវនៃឯកសារ។ ដុំឯកសារដំបូងចុះថ្ងៃទី ១ ខែមីនា មានសញ្ញាសម្គាល់ដែលបង្ហាញថាពួកវាត្រូវបានចាត់ថ្នាក់ជាឯកសារសម្ងាត់។ យ៉ាងណាមិញ រ៉យទ័រមិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារនោះទេ។ ការលេចធ្លាយឯកសាររសើបបែបនេះគឺមិនធម្មតាទេ ហើយនឹងបង្កឱ្យមានការស៊ើបអង្កេតដោយស្វ័យប្រវត្តិ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានលើកឡើងថា យើងដឹងអំពីរបាយការណ៍នៃការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក្រសួងការពារជាតិកំពុងពិនិត្យមើលបញ្ហានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យភ្នាក់ងារស៊ើបការសម្ងាត់ (CIA) បាននិយាយថា ទីភ្នាក់ងារនេះក៏ដឹងពីការបង្ហោះនេះ ហើយកំពុងពិនិត្យមើលការអះអាងនេះ។ មន្ទិលសង្ស័យកំពុងកើនឡើងអំពីអ្វីដែលការវាយលុករបស់ទីក្រុងកៀវនិងមូស្គូ អាចនឹងប៉ុនប៉ងក្នុងឆ្នាំទីពីរនៃសង្រ្គាម។ ឯកសារដែលលេចធ្លាយនោះ ហាក់ដូចជាមិនបានផ្តល់នូវការយល់ដឹងជាក់លាក់ណាមួយអំពីផែនការសង្រ្គាមរបស់ទីក្រុងកៀវនោះទេ។ មន្ត្រីប្រធានាធិបតីអ៊ុយក្រែនម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា ការលេចធ្លាយមានព័ត៌មានប្រឌិតចំនួនដ៏ច្រើន ហើយមើលទៅដូចជាប្រតិបត្តិការព័ត៌មានមិនពិតរបស់រុស្ស៊ី ដើម្បីសាបព្រោះការសង្ស័យអំពីការប្រឆាំងការវាយលុកដែលបានគ្រោងទុករបស់អ៊ុយក្រែន។ លោក Mykhailo Podolyak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ទាំងនេះគ្រាន់តែជាធាតុស្ដង់ដារនៃល្បែងប្រតិបត្តិការដោយចារកម្មរុស្ស៊ី។ ការប្រកាសដោយការិយាល័យប្រធានាធិបតីនៃកិច្ចពិភាក្សាកាលពីថ្ងៃសុក្រនៅឯទីស្នាក់ការកណ្តាលនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលមានការចូលរួមដោយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) មិនបានលើកឡើងអំពីការលេចធ្លាយបានកើតឡើងនោះទេ។ ការិយាល័យនេះបានឱ្យដឹងថា អ្នកចូលរួមនៃកិច្ចប្រជុំបានផ្តោតលើវិធានការដើម្បីការពារការលេចធ្លាយព័ត៌មានទាក់ទងនឹងផែនការរបស់កងកម្លាំងការពារជាតិអ៊ុយក្រែន។ តែ វាមិនច្បាស់ទេថាតើការពិភាក្សាផ្តោតលើការទប់ស្កាត់ការលេចធ្លាយពីក្នុងប្រទេសអ៊ុយក្រែន ឬពីក្នុងចំណោមដៃគូលោកខាងលិច។ កាសែត The Times បានរាយការណ៍ថា ឯកសារមិនបានបង្ហាញពីពេលណា ឬកន្លែងណាដែលការវាយលុកនឹងកើតឡើងនោះទេ ប៉ុន្តែថាការលេចធ្លាយអាចប៉ះពាល់ដល់ការជឿទុកចិត្តគ្នារវាងសម្ព័ន្ធមិត្ត ខណៈដែលបានផ្តល់ពេលវេលាសម្រាប់ការដឹកជញ្ជូនសព្វាវុធ និងកងទ័ពអ៊ុយក្រែនដែលបណ្តុះបណ្តាលដោយលោកខាងលិច។ មន្ត្រីអាម៉េរិកបីនាក់បានប្រាប់រ៉យទ័រក្នុងទីក្រុងវ៉ាស៊ីនតោនថា រុស្ស៊ី ឬក្រុមដែលគាំទ្ររុស្ស៊ីទំនងជានៅពីក្រោយការលេចធ្លាយនេះ។ ឯកសារមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា កងកម្លាំងរុស្ស៊ីពី ១៦ ០០០ ទៅ ១៧៥ ០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការលុកលុយ។ ក្រុមមន្ត្រីបាននិយាយថា សហរដ្ឋអាម៉េរិកជឿថា តួលេខជាក់ស្តែងគឺខ្ពស់ជាងនេះ គឺនៅមានជនជាតិរុស្សីប្រហែល ២០០ ០០០ នាក់បានស្លាប់ និងរងរបួស៕ សម្រួលដោយ ទៀង បុណ្ណរី