ថៃគ្រោងនឹងជម្លៀសប្រជាជនខ្លួនចេញពីមីយ៉ាន់ម៉ា ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់
TNM(បាងកក) ៖ ប្រទេសថៃបានរៀបចំផែនការជម្លៀសប្រជាជនខ្លួនដែលជាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើអំពើហឹង្សានៅទីនោះកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមប្រភពពីកាសែត Bangkok Post។
អ្នកនាំពាក្យក្រសួងការបរទេសលោក Tanee Sangrat បាននិយាយថា ស្ថានទូតថៃប្រចាំនៅទីក្រុងយ៉ាំងហ្គោន បានរាយការណ៍ថាការតវ៉ាប្រឆាំងនឹងមេដឹកនាំយោធារបស់មីយ៉ាន់ម៉ាកំពុងបន្ត បើទោះបីការផ្គត់ផ្គង់ស្បៀងអាហារមិនត្រូវបានរំខានក៏ដោយ។
លោកបាននិយាយថាអាជ្ញាធរថៃបានឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់ហើយបានឯកភាពថា ស្ថានការណ៍មិនទាន់ឈានដល់ចំណុចមួយដែលប្រជាជនថៃនឹងត្រូវប្រាប់អោយចាកចេញពីប្រទេសមីយ៉ាន់ម៉ាទេ។ ប៉ុន្តែប្រសិនបើអំពើហិង្សាកាន់តែកើនឡើងដែលត្រូវការការជម្លៀសប្រជាជននោះ ស្ថានទូតមានផែនការក្នុងការនាំជនជាតិថៃត្រឡប់ទៅផ្ទះវិញ។
អ្នកនាំពាក្យកងទ័ពអាកាសលោក Thanat Chanamphai បាននិយាយមេបញ្ជាការកងទ័ពអាកាស Suttiwan បានណែនាំដល់កងអង្គភាពលេខ៦ ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាន Don Mueang ឲ្យត្រៀមយន្តហោះដឹកជញ្ជូនធុន C-130 ប្រសិនបើរដ្ឋាភិបាលប្រគល់បេសកកម្មនាំជនជាតិថៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រឡប់មកផ្ទះវិញ។
លោក Thanat បាននិយាយថា “មេបញ្ជាការកងទ័ពអាកាសបានផ្តល់ការណែនាំនៅពេលការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាបានចាប់ផ្តើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យន្តហោះនឹងហោះហើរភ្លាមៗតាមបញ្ជារបស់រដ្ឋាភិបាល”។ ទោះយ៉ាងណាក្រសួងការបរទេសនឹងវាយតម្លៃស្ថានការណ៍នៅមីយ៉ាន់ម៉ាហើយសំរេចថា តើពេលណាជនជាតិថៃគួរតែត្រូវបានគេនាំត្រឡប់មកមាតុភូមិវិញ។
ជាមួយគ្នានេះដែរលោក Tanee បានលើកឡើងពីជំហររបស់រដ្ឋាភិបាលថៃស្តីពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាដោយនិយាយថារដ្ឋាភិបាលថៃមានការព្រួយបារម្ភអំពីរបាយការណ៍នៃការកើនឡើងនៃការបង្ក្រាបដោយហិង្សានៅក្នុងប្រទេស។ រដ្ឋាភិបាលថៃបានស្នើឱ្យអាជ្ញាធរមីយ៉ាន់ម៉ាអនុវត្តការអត់ធ្មត់បន្ថែមទៀតនិង ព្យាយាមបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងដោះលែងអ្នកជាប់ឃុំផងដែរ៕