មេ WHO ប្រចាំអឺរ៉ុប ៖ វ៉ាក់សាំងជាមធ្យោបាយដ៏ល្អបំផុតក្នុងការចាកចេញពីកូវីដ១៩
TNM(អ៊ីយូ) ៖ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បានថ្លែងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា វ៉ាក់សាំងជាមធ្យោបាយដ៏ល្អបំផុតក្នុងការចាកចេញពីជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
ក្នុងនោះលោកបានបន្ទោសដល់ភាពយឺតយ៉ាវការចាក់វ៉ាក់សាំងនៅតំបន់អឺរ៉ុប ដែលធ្វើឱ្យជំងឺនេះអូសបន្លាយកាន់តែយូរ។ លោកថ្លែងដូច្នេះថា ៖ «យើងត្រូវតែបង្កើនល្បឿនការផលិត កាត់បន្ថយរនាំងនៃការចាក់វ៉ាក់សាំង ហើយត្រូវប្រើគ្រប់វ៉ាក់សាំងដែលកំពុងមានស្រាប់ក្នុងស្តុក»។
តាម Hans Kluge បានឲ្យដឹងថា រហូតមកដល់ពេលនេះមានតែ១០ភាគរយ នៃប្រជាជនសរុបក្នុងតំបន់ដែលបានទទួលវ៉ាក់សាំង ហើយមានតែ ៤ ភាគរយប៉ុណ្ណោះដែលបានចាក់ពេញលេញ។ លោកសង្កត់ធ្ងន់ថា កាលពីសប្តាហ៍មុនអឺរ៉ុបមើលឃើញករណីឆ្លងថ្មីរហូតដល់ ១.៦លានករណី និងករណីស្លាប់ ២៤,០០០នាក់ដែលធ្វើឲ្យអឺរ៉ុបក្លាយជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងទី២ លើពិភពលោក។
ក្នុងអំឡុងពេលដែលវ៉ាក់សាំងកូវីដ១៩ នៅមានកម្រិតទាប លោកលើកឡើងថា ប្រទេសអឺរ៉ុបនឹងប្រើវិធានការរាំងខ្ទប់បន្ថែមទៀត និងវិធានការនានា៕