មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានពីការបែងចែកភូមិសាស្ត្រនយោបាយ អាចបង្កគ្រោះថ្នាក់លើស្ថិរភាពហិរញ្ញវត្ថុពិភពលោក

ការកើនឡើងនៃភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្ន អាចនឹងរុញឱ្យមានការបែងចែកភូមិសាស្ត្រនយោបាយ និងភាពបែកចាក់នៃសេដ្ឋកិច្ចសកល ឬអាចឈានទៅបង្កើនហានិភ័យគ្រោះថ្នាក់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុសកលលោកផងដែរ។ ប្រការទាំងនេះ នឹងកាត់បន្ថយការវិនិយោគឆ្លងកាត់ព្រំដែន លំហូរមូលធន និងការទូទាត់ឆ្លងកាត់ព្រំដែនជាដើម។ ទាំងអស់នេះ ជាការព្រមានកាលពីថ្ងៃពុធទី០៥មេសា ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF…។   មូលនិធិ IMF តាំងពីយូរណាស់មកហើយ តែងព្រមានថា កំណើនថ្លៃដើម ស្របពេលដែលនិន្នាការសេដ្ឋកិច្ចកំពុងបែកបាក់ ទំហំសេដ្ឋកិច្ចត្រូវថយចុះ គូបផ្សំនឹងការបែងចែកប្លុកភូមិសាស្ត្រនយោបាយ ពិសេសរវាងសហរដ្ឋអាម៉េរិក និងចិន រួមទាំងសម្ព័ន្ធមិត្ត​ កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកបែកបាក់។ សេដ្ឋកិច្ចបែកបាក់ គឺបានសេចក្តីថា ប្រព័ន្ធបច្ចេកវិទ្យានឹងលែងមានការប្រកួតប្រជែង ហើយឈានទៅកាត់បន្ថយការធ្វើពាណិជ្ជកម្ម។ ប៉ុន្តែសម្រាប់ការព្រមានថ្មីៗនេះ IMF បានរកឃើញថា ការបែកបាក់សេដ្ឋកិច្ចសកលលោក នឹងទៅប៉ះពាល់ដល់លំហូរមូលធនឆ្លងកាត់ព្រំដែន រួមមាន៖ ការវិនិយោគពីប្រទេសមួយទៅប្រទេសមួយ។ ផលវិបាកនេះ នឹងទៅប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ ខ្លាំងជាងគេ ដែលវាអាចធ្វើឱ្យស្ថិរភាពហិរញ្ញវត្ថុទាំងមូលរង្គោះរង្គើ។  គួរជម្រាបថា មូលនិធិរូបិយវត្ថុ IMF និងធនាគារពិភពលោក គ្រងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃរបាយការណ៍ប្រចាំត្រីមាសសម្រាប់ស្ថិរភាពហិរញ្ញវត្ថុសកល។ ស្ថានការណ៍ហិរញ្ញវត្ថុ ត្រូវបានគេរំពឹងថា នឹងក្លាយជារបៀបវារៈចម្បងនៅក្នុងកិច្ចប្រជុំនោះ ពិសេសនៅក្រោយពេលមានភាពរង្គោះរង្គើក្នុងទីផ្សារភាគហ៊ុន និងហិរញ្ញវត្ថុសកល បន្ទាប់ពីការដួលរលំរបស់ធនាគារធំៗនៅអាម៉េរិក និងហាន័យចំពោះប្រព័ន្ធធនាគារ។ ការប្រឈមមុខដាក់គ្នារវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីតោនទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ត្រូវបានគេចាត់ទុកជាបញ្ហាប្រឈមរួម ដែលបើតាមការប៉ាន់ស្មាន ភាពរកាំរកូសរវាងមហាអំណាចទាំងពីរកន្លងមក បានកាត់បន្ថយការវិនិយោគឆ្លងព្រំដែនប្រមាណ១៥ភាគរយ។​  ដំរីជល់គ្នា រមែងរងគ្រោះតែសត្វស្រមោចតូចៗ! ដូចគ្នានេះដែរ ការពាក់មុខយក្សដាក់គ្នារវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន អាចនាំឱ្យធនាគារកាត់បន្ថយការផ្ដល់ប្រាក់កម្ចី កាត់បន្ថយកំណើនសេដ្ឋកិច្ច និងធ្វើឱ្យមានអស្ថិរភាពហិរញ្ញវត្ថុកាន់តែច្រើនឡើង ក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ពីព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយទាំងនេះ IMF បានផ្តល់អនុសាស​ន៍ថា អ្នកគ្រប់គ្រងធនាគារ និយតករ និងស្ថាប័នហិរញ្ញវត្ថុគួរតែសិក្សា និងវិភាគសេណារីយ៉ូនៃភាពតានតឹងនានា ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលភាពតានតឹង អាចប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ ហើយចាំរកដំណោះស្រាយសមស្រប។ ដោយឡែក អ្នកបង្កើតគោលនយោបាយគួរតែពង្រឹងក្របខ័ណ្ឌគ្រប់គ្រងវិបត្តិ ដោយធានាឱ្យមានការរៀបចំកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរក្នុងស្រុក និងថ្នាក់តំបន់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង