ព័ត៌មានអន្ដរជាតិត្រាំ ថា អាមេរិក រញ៉េរញ៉ៃណាស់ ហើយឲ្យមេធាវីតំបន់ Manhattan លាលែងពីតំណែងទៅ

ក្រោយឡើងតុលាការនៅតំបន់ Manhattan ទីក្រុងញ៉ូវយ៉ករួចហើយ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ពេលនេះសហរដ្ឋអាមេរិកគឺរញ៉េរញ៉ៃណាស់ ហើយវានឹងមិនកើតឡើងនោះទេ បើសិនលោកជាប្រធានាធិបតី ។  នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅឯអចលនទ្រព្យ Mar-a-Lago លោក ត្រាំ បានថ្លែងថា “សហរដ្ឋអាមេរិករញ៉េរញ៉ៃណាស់ សេដ្ឋកិច្ចរបស់យើងកំពុងធ្លាក់ចុះ អតិផរណាក៏មិនអាចគ្រប់គ្រងបាន ជាពិសេសរុស្ស៊ីបានចូលរួមជាមួយនឹងចិន ។ មួយវិញទៀត តើអ្នកអាចជឿបានទេ អារ៉ាប៊ីសាអូឌីត ក៏ចូលរួមជាមួយអ៊ីរ៉ង់ផងដែរ” ។  ទន្ទឹមនោះ អតីតប្រធានាធិបតីអាមេរិកទី ៤៥ រូបនេះក៏បានអំពាវនាវឲ្យមេធាវីតំបន់ Manhattan លោក Alvin Bragg និងចៅក្រមផ្សេងទៀត ប្រកាសលាលែងពីតំណែងផងដែរ ។   លោក ត្រាំ បានហៅលោក Bragg ថាជា “ឧក្រិដ្ឋជន” ហើយគួរតែត្រូវបានកាត់ទោស ខណៈលោកក៏បានចាត់ទុកលោក Juan Merchan ចៅក្រម​ក្នុង​សំណុំ​រឿង​លុយ​កាក់​សូកប៉ាន់នេះ មានការ​លម្អៀង​ប្រឆាំងនឹងរូប​លោកផងដែរ ​ដែរ ។  គួរបញ្ជាក់ជាថ្មី លោក ដូណាល់ ត្រាំ ដែលមានវ័យ ៧៦ ឆ្នាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងករណីព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងសំណុំរឿងផ្ដល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels កាលពីឆ្នាំ ២០១៦ ។  ទោះយ៉ាងណា បន្ទាប់ពីបានប្រគល់ខ្លួននៅទីក្រុងញូវយ៉ក អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានសារភាពទោសកំហុសនោះទេ លើបទចោទប្រកាន់ព្រហ្មទណ្ឌទាំង ៣៤ ករណីនេះ ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង