ផ្អើលទាំងព្រឹក! បុរសម្នាក់ត្រូវជនមិនស្គាល់មុខលួចបាញ់ពីក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ង
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងលួចបាញ់ពីក្រោយខ្នងចំនួន២គ្រាប់ បណ្ដាលឱ្យរងរបួសដេកស្ដូកស្ដឹង បង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្បែររោងចក្រឌីស ស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់អាយុប្រហែល២០ឆ្នាំ បានជិះម៉ូតូចាស់មួយគ្រឿងតាមបណ្តោយផ្លូវក្បែររោងចក្រ ឌីស ស្រាប់តែមកដល់កន្លែងកើតហេតុមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងមកដល់ក្បែរជនរងគ្រោះបានធ្វើសកម្មភាពលួចបាញ់ពីក្រោយ បណ្តាលឱ្យរងបួសធ្ងន់ហើយជនសង្ស័យបានបើកម៉ូតូគេចបាត់ស្រមោល។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយកើតហេតុកម្លាំងនគរបាលជំនាញរួមជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងបានចុះទៅពិនិត្យ និងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកសង្គ្រោះបន្ទាន់ ហើយកម្លាំងកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីតាមចាប់ខ្លួនជនសង្ស័យ។ លោកវរសេនីយ៍ឯក ក៏បានបញ្ជាក់បន្ថែមថា ករណីបាញ់បណ្តាលឱ្យរបួសធ្ងន់ត្រូវចំនួន២គ្រាប់នេះ តាមការពិនិត្យរបួសជនរងគ្រោះត្រូវគ្រាប់កាំភ្លើងកែច្នៃធ្វើពីគ្រាប់កង់បាញ់ពីក្រោយ ហើយអាចកើតឡើងដោយសារទំនាស់រវាងក្មេងទំនើងដែលមានគំនុំទើបបានជាស្ទាក់បាញ់បែបនេះ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់យកមកចាត់ការតាមផ្លូវច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី