ផ្នែកការពារអ្នកក្លែងបន្លំ គ្រោងនឹងបញ្ចូលស្រាពាងជនជាតិដើមភាគតិចចូលក្នុងគម្រោង ភូមិមួយផលិតផលមួយ
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថា ដើម្បីអាចរក្សាបាននូវរូបមន្តដើមនៃ ការផលិតស្រាពាងរបស់ជនជាតិដើមភាគតិចក្នុងខេត្តឱ្យកាន់តែមានលក្ខណៈល្អប្រសើរ លោកកំពុងរៀបចំដាក់បញ្ចូល«ការផលិតស្រាពាង»ចូលក្នុងផលិតផលភូមិមួយ ផលិតផលមួយរបស់ថ្នាក់ជាតិ។ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យពេល ៥ឆ្នាំរបស់ខេត្តរតនៈគិរី ឆ្លើយតបសំណួររបស់«កម្ពុជាថ្មី» លោក ញ៉ែម សំអឿន បានចង្អុលបង្ហាញថា ពាក់ព័ន្ធនឹងការផលិតស្រាពាងរបស់ជនជាតិដើមភាគតិច គឺពិតណាស់រដ្ឋបាលខេត្តបានគិតគូរយ៉ាងខ្លាំង ហើយក៏ព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យស្រាពាងក្លាយទៅជាផលិតផលពិតប្រាកដតែមួយគត់នៃជនជាតិដើមភាគតិច។ ទន្ទឹមនេះ លោកអភិបាលខេត្តបានលើកឡើងថា «យើងពិតជាមានការខិតខំយ៉ាងខ្លាំងធ្វើយ៉ាងណា អាចធានាបានថា ស្រាពាង គឺជាផលិតរបស់បងប្អូនជនជាតិដើមភាគតិច ជាអ្នកផលិតតែមួយគត់។ មិនតែប៉ុណ្ណោះ រាល់ការផលិតស្រាពាងរបស់ជនជាតិដើមភាគតិច សុទ្ធសឹងតែមានរូបមន្តរបស់ពួកគាត់ ហើយខ្ញុំតែងតែព្យាយាមណែនាំឱ្យពួកគាត់រក្សាទុកនៅរូបមន្តនៃការផលិតឱ្យបានគង់វង្ស។ ម្យ៉ាងវិញទៀត ខ្ញុំក៏កំពុងចាត់ចូលទៅក្នុងផលិតផលភូមិមួយ ផលិតផលមួយរបស់ថ្នាក់ជាតិផងដែរ ដើម្បីអាចបញ្ជាក់ពីគុណភាពរបស់គាត់»។ បន្ថែមពីនេះ លោក ញ៉ែម សំអឿន ក៏បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះដើម្បីអាចបញ្ជាក់ពីផលិតផលសុទ្ធ ពិសេសការផលិតស្រាពាងរបស់ជនជាតិដើមភាគតិច និងប្រាកដថា រាល់ភ្ញៀវជាតិ និងអន្តរជាតិ អាចទទួលបានស្រាពាង ជារបស់ជនជាតិដើម និងអាចធានាថា មិនប៉ះចំស្រាក្លែងក្លាយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងទីផ្សារផងដែរ។ គួរបញ្ជាក់ផងថា ជនជាតិដើមភាគតិចតែងតែនិយមស្រាបឺត ឬស្រាពាង ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ឬអាចនិយាយបានថា ស្រាពាង ជាស្រាប្រពៃណីដូនតារបស់ពួកគេ។ ម្យ៉ាងវិញទៀត មិនត្រឹមតែជនជាតិដើមភាគតិចប៉ុណ្ណោះទេ ដែលនិយមស្រាពាង សូម្បីតែភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន ក៏តែងតែមានបំណងចង់ភ្លក់នូវរស់ជាតិដើមនៃស្រាពាងនេះផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី