វាយខ្នោះជនជាតិចិនម្នាក់ដែលប្រើអំពើហិង្សា ដោយសារខឹងគេហាមមិនឱ្យនោមដាក់បង្គោលភ្លើង
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីវាយកណ្តាលមុខបុគ្គលិកផ្សារទំនើបមួយកន្លែង ដោយសារខឹងនឹងបុគ្គលិកផ្សារទំនើប ហាមមិនឱ្យនោមដាក់បង្គោលភ្លើងក្នុងបរិវេណផ្សារទំនើប។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១:២៥នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខបរិវេណអគារផ្សារទំនើបសូហូ (SOHO Mall) ស្ថិតនៅផ្លូវជាប់ស្ថានទូតរុស្សី កែងផ្លូវរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ បើតាមសន្តិសុខនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ បុរសជនជាតិចិនម្នាក់ និងនារីជនជាតិចិន និងវៀតណាម៣នាក់ទៀត ដើរចេញពីកន្លែងផឹកស៊ីមួយកន្លែងមកដល់ចំណុចកើតហេតុ បុរសជនជាតិចិនម្នាក់ឈរបន្ទោបង់នៅចំណុចបង្គោលភ្លើងលើចិញ្ចើមផ្លូវ មុខបរិវេណផ្សារទំនើប។ ឃើញដូច្នេះ ជនរងគ្រោះដែលជាបុគ្គលិកផ្សារទំនើប បានដើរទៅហាមមិនឱ្យនោមដាក់បង្គោលភ្លើងនោះឡើយ ដោយធ្វើជាកាយវិការ រួមនឹងនិយាយប្រាប់ទៅបុរសជនជាតិចិនខាងលើនោះ ថា No No! កឺកឺ!។ ស្រាប់តែបុរសជនជាតិចិននោះ ក្នុងអាការៈស្រវឹងស្រាផងក៏បានដើរសំដៅមកវាយបុគ្គលិកផ្សារទំនើបមួយដៃចំកណ្ដាលមុខ និងវាយជាច្រើនដៃទៀតចំលើខ្លួន បង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្សារ និងកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌចម្ការមន ចុះមកជួយអន្តរាគមន៍ឃាត់បុរសជនជាតិចិនខាងលើនោះ ដើម្បីសួរនាំប៉ុន្តែបែរជាបុរសជនជាតិចិននោះកាន់តែក្រពុលមុខ ក៏ប្រតាយប្រតប់ជាមួយកម្លាំងអាវុធហត្ថថែមទៀត ទើបកម្លាំងសមត្ថកិច្ចចាប់ដាក់ខ្នោះឃាត់ខ្លួនបញ្ជូនទៅកាន់កងរាជអាវុធហត្ថខណ្ឌចម្ការមនតែម្ដង ស្របពេលដែលជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី