ពេលនាំខ្សែក្រវាត់ WMO ដល់កម្ពុជា Thiago ប្រកាសវ៉ៃតំណាងគុនខ្មែរលើឆាកអន្តរជាតិទៀត
កីឡាករប្រេស៊ីល Thiago Teixeira បាននាំខ្សែក្រវាត់មួយថៃពិភពលោក (WMO) មកដល់ទឹកដីកម្ពុជាហើយព្រឹក ថ្ងៃទី៤ ខែមេសានេះ បន្ទាប់ពីទទួលបានជោគជ័យលើដៃគូជនជាតិអង់គ្លេស Joe Craven កាលពីយប់ថ្ងៃទី១ ខែមេសា នៅប្រទេសអាល្លឺម៉ង់។ ដំណើរមកដល់របស់ម្ចាស់ខ្សែក្រវាត់ WMO នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិត្រូវបានអ្នកគាំទ្រយ៉ាងច្រើនកុះករស្ទើរពេញច្រកចេញទៅទទួលស្វាគមន៍ដែលបានធ្វើឲ្យកីឡាករប្រេស៊ីលរូបនេះរំភើបយ៉ាងខ្លាំង ហើយមិននឹកស្មានថា ខ្លួនទទួលបានក្តីស្រឡាញ់ច្រើនពីប្រជាជនកម្ពុជា។ នៅចំពោះមុខអ្នកទទួលស្វាគមន៍ កីឡាករ Thiago Teixeira បាននិយាយថា ៖«ខ្ញុំសូមអរគុណដល់អ្នកគាំទ្រកម្ពុជាទាំងអស់គ្នាដែលបានផ្តល់សេចក្តីស្រឡាញ់ និងគាំទ្រចំពោះរូបខ្ញុំ។ គុនខ្មែរៗមានប្រភពដើមពីប្រទេសកម្ពុជា។ សួស្តី អ្នកទាំងអស់គ្នា ចាប់ពីពេលនេះទៅ ខ្ញុំវ៉ៃតំណាងឲ្យគុនខ្មែរ។ ខ្ញុំមិននឹកស្មានថា ប្រជាជនកម្ពុជាបានស្រឡាញ់គាំទ្រខ្ញុំខ្លាំងដល់ម្ល៉េះសោះ។ កម្ពុជាជាផ្ទះទី២របស់ខ្ញុំ»។ កាលនៅលើសង្វៀន Apex Fight Series ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១ ខែមេសា Thiago ក៏បានប្រកាសថា រូបគេសូមអរគុណដល់អ្នកគាំទ្រគុនខ្មែរ។ ប្រជាជនខ្មែរស្រឡាញ់ចូលចិត្តរូបគេខ្លាំងណាស់។ សូមបញ្ជាក់ថា ការប្រកួតកាលពីថ្ងៃទី១ ខែមេសា ក្នុងទឹកទី១ កីឡាករអង់គ្លេស Joe Craven បង្ហាញទម្រង់ប្រកួតគួរឲ្យចាប់អារម្មណ៍តាមរយៈការទាត់ និងឡើងជង្គង់ ស្របពេលកីឡាករគុនខ្មែរ Thiago Teixeira ចេញកណ្តាប់ដៃមួយៗ និងការពារជំហរបានល្អ។ នៅទឹកទី២ Thiago ធ្វើបានល្អខ្លាំងមែនទែនដោយប្រើកណ្តាប់ដៃវ៉ៃឲ្យ Joe Craven ដួលនៅដើមទឹក និងត្រូវអាជ្ញាកណ្តាលរាប់៨លើកទី១។ បន្ទាប់ពីត្រូវបានអាជ្ញាកណ្តាលរាប់ កីឡាករអង់គ្លេសបានតាំងស្មារតី និងតស៊ូប្រយុទ្ធឡើងវិញបានល្អ ប៉ុន្តែចុងទឹកទី២ត្រូវមួយកែងរបស់កីឡាករប្រេស៊ីល ដួលលើកទី២ ត្រូវអាជ្ញាកណ្តាលរាប់ម្តងទៀត ហើយបញ្ឈប់ការប្រកួតតែម្តង៕ សម្រួលដោយ ទៀង បុណ្ណរី