មនី្ទរវប្បធម៌រាជធានីភ្នំពេញ ក្រុងពាលី បើកការដ្ឋានរៀបចំសង្រ្កាន្តវត្តភ្នំ រយៈពេល០៣ថ្ងៃ
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានក្រុងពាលី រៀបចំបើកការដ្ឋានរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣។ លោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ថ្លែងប្រាប់ ព័ត៌មាន ក្នុងស្រុកនាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះថា ថ្ងៃនេះក្រុមការងារនៃមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ដែលមានការអនុញ្ញាតពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំសង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៣ គឺចាប់ផ្តើមក្រុងពាលី បើកការដ្ឋានជាផ្លូវការនាព្រឹកនេះ ដោយមានគោលបំណងរៀបចំប្រារព្ធកម្មវិធីសង្រ្កាន្ត ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង តាំងពីយូរយារណាស់មកហើយសម្រាប់ដែនដីរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយករមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ធ្វើជាសង្ក្រាន្ត ដែលហៅថា «សង្រ្កាន្តវត្តភ្នំ»។ លោក ជុំ វុឌ្ឍី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំថោះ ២០២៣ ក៏បានរៀបចំការកម្សាន្តលេងល្បែងប្រជាប្រិយនានា ក្នុងបរិវេណសង្រ្កានវត្តភ្នំ «ហៅថា ភូមិខ្មែរ» មានដូចជាការរៀបចំដាក់តាំងស្នាដៃពេញមួយឆ្នាំ របស់ការិយាល័យជំនាញទាំង៧ របស់មនី្ទរវប្បធម៌ រាជធានីភ្នំពេញ តន្រ្តីសម័យ លេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំត្រុដិ ស្តង់ដាក់តាំងបង្ហាញភូមិ១ ផលិតផល១ និងផលិតផលវប្បធម៌ផ្សេងៗ។ នៅថ្ងៃទី៣ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលរសៀល មានកម្មវិធីដង្ហែព្រះ ប្រទាក់សិន បីជុំ នៅបរិវេណវត្តភ្នំ ដើម្បីស្រង់ព្រះនាថ្ងៃបង្ហើយបុណ្យចូលឆ្នាំផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី