សូមស្វាគមន៍ Thiago នឹងនាំខ្សែក្រវាត់ WMO មកដល់កម្ពុជាព្រឹកស្អែក
កីឡាករប្រេស៊ីល Thiago Teixeira នឹងនាំខ្សែក្រវាត់មួយថៃពិភពលោក (WMO) មកដល់ទឹកដីកម្ពុជាវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែមេសាស្អែកនេះ បន្ទាប់ពីទទួលបានជោគជ័យលើដៃគូជនជាតិអង់គ្លេស Joe Craven កាលពីយប់ថ្ងៃទី១ ខែមេសា នៅប្រទេសអាល្លឺម៉ង់។ តាមការគ្រោងទុក Thiago នឹងចាកចេញពីប្រទេសអាល្លឺម៉ង់វេលាម៉ោង៩យប់ និងគ្រោងមកដល់ប្រទេសកម្ពុជាវេលាម៉ោង៨:៥៥នាទីព្រឹក ថ្ងៃទី៤ ខែមេសាស្អែកនេះជាមួយនឹងខ្សែក្រវាត់ WMO ពិភពលោក។ ដូច្នេះអ្នកគាំទ្រដែលស្រឡាញ់ចូលចិត្តកីឡាករប្រេស៊ីលរូបនេះអាចទទួលស្វាគមន៍ និងលើកទឹកចិត្តគាត់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឲ្យបានច្រើនកុះករ។ នៅលើសង្វៀន Apex Fight Series បន្ទាប់ពីបានគ្រងខ្សែក្រវាត់ Thiago បាននិយាយថា ៖«ជាដំបូង ខ្ញុំសូមថ្លែងអំណរព្រះគុណព្រះយេស៊ូ។ បន្ទាប់មក ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំគឺ Rami។ អរគុណអ្នកម្តាយរបស់ខ្ញុំនៅប្រេស៊ីល ហើយអរគុណអ្នកគាំទ្រគុនខ្មែរ។ សូមអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រកម្ពុជា។ ពួកគាត់ស្រឡាញ់ចូលចិត្តខ្ញុំខ្លាំងណាស់»។ សូមបញ្ជាក់ថា Thiago បានមកហ្វឹកហាត់គុនខ្មែរមួយរយៈពេលធំ បន្ទាប់ពីបានប្រកួតចាញ់ ធឿន ធារ៉ា និងទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា។ បន្ទាប់មករូបគេបានទៅសិក្សាស្វែងយល់ពីក្បាច់គុនបុរាណខ្មែរ និងបានប្រកួតតំណាងឲ្យគុនខ្មែរនៅប្រទេសអាល្លឺម៉ង់៕ សម្រួលដោយ ទៀង បុណ្ណរី