ខឹងមានជំងឺប្រចាំកាយរ៉ាំរ៉ៃច្រើន នគរបាលស័ក្ដិ៤ម្នាក់បា.ញ់សម្លា.ប់ខ្លួន

ភ្នំពេញ៖ ខឹង​ចិត្ត​មាន​ជំងឺ​ប្រចាំ​កាយច្រើន បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ពាក់​ស័ក្ដិ ៤ នៅ​ផ្នែក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សម្រេច​ចិត្ត​ដក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯងបណ្ដាល​ឱ្យ​ស្លាប់​មួយ​រំពេច។ ហេតុការ​ណ៍​​ដ៏​ភ្ញាក់ផ្អើលនេះកើតឡើងនៅ​វេលា​ម៉ោង២ និង១០នាទីរំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ២០២៣ ស្ថិត​តាម​បណ្ដោយ​ផ្លូវ៥៣BT ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ទី១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។  សព​ជនរងគ្រោះ​មាន​ឈ្មោះ ស៊ុម រី អាយុ ៥៤ ឆ្នាំ មុខ​របរ​បម្រើ​ការងារ​នៅ​ក្នុង​អគ្គស្នងការ​នគរបាល​ជាតិ ផ្នែក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ។   ប្រភពពី​បងប្អូន​ជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​កើតហេតុពួកគាត់​បាន​សម្រាក​នៅ​ខាងលើ​ផ្ទះ ចំណែក​ឯ​បុរស​រងគ្រោះ​ត្រូវ​ជា​បង​សម្រាក​លើ​គ្រែ​ខាង​ក្រោម​ផ្ទះ​តែ​ម្នាក់ឯង។ លុះ​ដល់​ម៉ោង​២ និង១០ នាទីរំលង​អធ្រាត្រ ពួកគាត់​ក៏បាន​ឮ​ស្នូរ​សំឡេង​កាំភ្លើង​ផ្ទុះ​មួយ​គ្រាប់។ ភ្លាមៗ ពួកគាត់​ក៏​ភ្ញាក់រួច​ចុះ​ពី​លើ​ផ្ទះ​មក​មើល​ក្រោម ស្រាប់តែ​ឃើញ​បុរស​ត្រូវ​ជា​បង​បាន​បាញ់​ខ្លួនឯង​ចំ​សៀតផ្កា​ចំនួន​មួយ​គ្រាប់​ស្លាប់​នៅ​លើ​គ្រែ​ក្រោម​ដើម​ស្វាយ​បាត់​ទៅ​ហើយ។   ប្រភព​បន្ត​ថា បន្ទាប់មក​ពួកគាត់​ជា​បងប្អូន​សាច់ញាតិ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​បឹងទំពុន​ទី ១ ចុះ​មក​ទីតាំង​កើតហេតុ។ ក្នុង​នោះ សមត្ថកិច្ច​បាន​យក​ខ្សែ​ហ៊ុមព័ទ្ធ​ជុំវិញ​កន្លែង​សព​រងគ្រោះ រង់ចាំ​ជំនាញ​ចុះ​មក​ពិនិត្យ​បន្ត។ ជនរងគ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​ក្នុង​ខ្លួន​ដូចជា ថ្លើម ក្រពះ និង​ពោះវៀនជា​យូរ​មក​ហើយ ដោយ​មិន​ចង់​ឱ្យ​ក្រុម​គ្រួសារ​ពិបាក​រក​ប្រាក់​ព្យាបាល​ជំងឺ​គាត់ ទើប​គាត់​សម្រេច​ចិត្ត​យក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង​យ៉ាង​ដូច្នេះ។  ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹងទំពុន​ទី១ បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក​ជំនាញ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ទៅ​លើ​សព។ បន្ទាប់ពី​ពិនិត្យ និង​កោសល្យវិច័យ​រួចរាល់ ក៏​បញ្ជាក់​បាន​ថា ជនរងគ្រោះ​ពិតជា​បាញ់​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន រួច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង