ស្នងការបញ្ជាតាមរកបុរសដែលយកមួកសុវត្ថិភាពវាយលើក្បាលនារីម្នាក់
រាជធានីភ្នំពេញ៖ ក្រោយពីវីដេអូអំពើហិង្សាមួយបង្កឡើងដោយបុរសម្នាក់ បានយកមួកសុវត្ថិភាព វាយទៅលើស្ដ្រីម្នាក់អង្គុយលើម៉ូតូស្ថិតនៅចំណតភ្លើងស្តុបមួយកន្លែង ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងទិកតុកយ៉ាងកក្រើកនោះ ពេលនេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យតាមស្វែងរកបុរសដែលប្រើអំពើហិង្សាខាងលើនោះហើយ…។ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឱ្យដឹងថា៖ «ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់មូលដ្ឋាន ជាពិសេស អធិការខណ្ឌទួលគោក ដើម្បីធ្វើការស្រាវជ្រាវ និងតាមរកបុរសដែលបង្កអំពើហិង្សាលើស្ត្រីម្នាក់ជិះម៉ូតូឈប់នៅភ្លើងស្តុបមួយកន្លែងឱ្យឃើញ ដើម្បីសួរនាំ និងចាត់ការបន្ដតាមនីតិវិធីច្បាប់»។ បើតាមវីដេអូដែលមហាជនស៊ែរតៗគ្នា បង្ហាញថា អំពើហិង្សានោះ គឺនៅចំណុចស្ដុបសន្ធរម៉ុខ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ទាក់ទងនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ថាជាទង្វើអំពើហិង្សាតាមទីសាធារណៈ ជាពិសេស បុរសជនសង្ស័យនោះ បានធ្វើសកម្មភាពហិង្សាលើស្ដ្រី ដែលអាក្រក់បំផុតចំពោះភ្នែកសាធារណជន…៕ សម្រួលដោយ ទៀង បុណ្ណរី