តើលោក ផែង វណ្ណៈ ធ្លាប់រងបណ្តឹងអ្វីខ្លះ? ហើយមានប៉ុន្មានបណ្តឹងតៗគ្នា?
បណ្តឹងទី៣៖
ចំណែកថ្មីៗនេះលោក ផែង វណ្ណៈ ត្រូវរងបណ្តឹងជាបន្តបន្ទាប់ទាក់ទងនឹងបទព្រហ្មទណ្ឌ និងសំណងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធកាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២១ បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រ(www.phengvannaknews.com) ដែលលោកផែង វណ្ណៈជាម្ចាស់អាជ្ញាបណ្ណ។ ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងព័ត៌មានបានចាត់ទុកថា លោកផែង វណ្ណៈ បានជេរប្រមាណចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងបានបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ទន្ទឹមនឹងនេះ ក្រសួងធម្មការ និងសាសនា ក៏បានស្នើតុលាការចាត់វិធានការផ្លូវច្បាប់លើលោក ផែង វណ្ណៈ ទោះមានការសុំទោសរួចហើយក្តី។ ក្រសួងធម្មការ និងសាសនា បានដាក់លិខិតមួយច្បាប់ទៅតុលាការខេត្តកណ្តាលឲ្យចាត់វិធានការផ្លូវច្បាប់លើលោក ផែង វណ្ណៈ អ្នកសារព័ត៌មានប្រព័ន្ធសង្គមហ្វេសប៊ុកម្នាក់ ដែលបានវាយប្រហារខ្លាំងៗទៅលើព្រះចៅអធិការវត្តមួយអង្គក្នុងខេត្តសៀមរាប ដែលបានដាក់ពិន័យឲ្យវាយលោកនេន៣អង្គនឹងរំពាត់។
លិខិតរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន ចុះថ្ងៃទី១៩ ខែមីនា ត្រូវបានដាក់ទៅតុលាការខេត្តកណ្តាល ក្រោយមានការសុំទោសពីលោក ផែង វណ្ណៈ ទៅព្រះអង្គចៅអធិការវត្តរាជបូណ៌ក្នុងខេត្តសៀមរាប។ លិខិតរបស់រដ្ឋមន្រ្តីឲ្យដឹងថាលោក ផែង វណ្ណៈ «បានជេរប្រមាថមកលើព្រះសង្ឃនិងពោលពាក្យគម្រាមកំហែងញុះញង់ឲ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ»។ លិខិតបន្ថែមថាលោក ផែង វណ្ណៈ ដែលប្រើប្រាស់ហ្វេសប៊ុកផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងបង្ហាញគំនិតរបស់លោកលើប្រធានបទអ្វីមួយ បាន«ប្រមាថយ៉ាងធ្ងន់ធ្ងរ»ដល់អាយុជីវិតរបស់អ្នកបួស។
នៅក្នុងលិខិតនោះ រដ្ឋមន្រ្តីក្រសួងធម្មការបានស្នើចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ពីបទប្រមាថចំពោះសង្ឃតាមមាត្រា៥១៦ បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ និងគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ។ មាត្រា៥១៦ចែងអំពីការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ក្នុងក្របខណ្ឌនៃមុខងារឬក្នុងឱកាសបំពេញមុខងារ ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ថ្ងៃទៅ៦ថ្ងៃនិងពិន័យជាប្រាក់ពី១ពាន់រៀលទៅ១០ម៉ឺនរៀល។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សេង សុមុនី បានប្រាប់អ្នកសារព័ត៌មានថាលិខិតស្នើសុំរបស់ក្រសួង មិនមែនជាការដាក់សម្ពាធលើតុលាការនោះទេ ប៉ុន្តែជានីតិវិធីដែលក្រសួងយល់ថាការលើកឡើងរបស់លោក ផែង វណ្ណៈ បំពានច្បាប់ដែលមានជាធរមាន។ លោកបន្ថែមថាការជួបសុំទោសរបស់លោក ផែង វណ្ណៈ ចំពោះព្រះចៅអធិការវត្ត ជាការជួបលក្ខណៈបុគ្គលតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចដោះស្រាយតាមផ្លូវច្បាប់នោះទេ ដោយសារករណីនេះជា «ការប្រមាថកាប់សម្លាប់»។
ចំណែក លោក ទិន សុចិត្រា ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងជាអ្នកនាំពាក្យរបស់តុលាការ មានប្រសាសន៍ថាតុលាការបានទទួលលិខិតរបស់ក្រសួងធម្មការនិងសាសនារួចហើយ ហើយតុលាការនឹងមានចំណាត់ការជាបន្តបន្ទាប់តាមនីតិវិធីច្បាប់។
វីដេអូនៃការដាក់ពិន័យជាការវាយចំនួន៥០រំពាត់លើលោកនេន៣អង្គ ដែលគង់នៅវត្តរាជបូណ៌ក្នុងខេត្តសៀមរាប ត្រូវបានចែករំលែកពាសពេញប្រទេស ដែលត្រូវបានលោក ផែង វណ្ណៈ យកមកវាយប្រហារខ្លាំងៗ រហូតដល់ប្រើពាក្យពេចន៍មួយចំនួន ដែលត្រូវបានរិះគន់ថា «ប្រមាថ» លើព្រះចៅអធិការវត្ត និង «អសីលធម៌»។
ចំណែកព្រះមហាវិមលធម្ម ពិន សែម ដែលជាព្រះចៅអធិការវត្តរាជបូណ៌ ដែលត្រូវបានលោក ផែង វណ្ណៈ ប្រើប្រាស់ពាក្យសម្តី និងសំណេរប្រមាថដល់អាយុជីវិតរបស់ព្រះអង្គនោះ បានមានសង្ឃដីកាថាព្រះអង្គបានលើកលែងទោសឲ្យលោក ផែង វណ្ណៈ រួចហើយ ប៉ុន្តែព្រះអង្គមិនបានដឹងអំពីនីតិវិធីផ្លូវច្បាប់នោះទេ។
បណ្តឹងទី៤៖
ក្រោយការវាយប្រហារកើតឡើង គណៈសង្ឃនាយកនៃសាលាគណខេត្តសៀមរាប ក៏បានស្នើឲ្យសម្តេចព្រះសង្ឃនាយកកម្ពុជាថ្កោលទោសលោក ផែង វណ្ណៈ តាមច្បាប់ដែលមាន។ គណៈសង្ឃបន្ថែមថាអ្វីដែលគួរឲ្យសោកស្តាយបំផុត គឺបុគ្គលឈ្មោះ ផែង វណ្ណៈ បានផ្សព្វផ្សាយតាមបណ្តាញសង្គមវាយប្រហារថា«ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តងចំពោះអ្នកប្រព្រឹត្ត»។
ក្រោយមានការរិះគន់ជាបន្តបន្ទាប់លើបណ្តាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ បានបង្ហាះលិខិតសុំទោសមួយច្បាប់នៅលើហ្វេសប៊ុកផ្លូវការរបស់លោក។ លោកពន្យល់ថាការផ្សាយវីដេអូនៃការវាយនឹងរំពាត់នោះ ដោយសារលោកមាន«ចិត្តអាណិតអាសូរ» ដល់ជនរងគ្រោះ ប៉ុន្តែលោកថា លោក«មិនបានយល់ដឹងពីវិន័យផ្ទៃក្នុងរបស់ព្រះសង្ឃ» ដែលតម្រូវឲ្យអប់រំដោយវាយនឹងរំពាត់។
សូមរងចាំតាមដានបន្តភាគទី០៤/ ធីអិនអឹម TNM ព័ត៍មានពិត គ្រប់ទីកន្លែង
តើលោក ផែង វណ្ណៈ ធ្លាប់រងបណ្តឹងអ្វីខ្លះ? ហើយមានប៉ុន្មានបណ្តឹង? ភាគទី០៤