រ៉ូបូតដំបូងគេអាចនិយាយភាសាខ្មែរ ស្រាវជ្រាវដោយបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
មនុស្សយន្តដំបូងគេ (Robot) ដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាមានសមត្ថភាពអាចនិយាយជាភាសាខ្មែរ ហើយថែមទាំងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញបានថែមទៀតផង។ ការបង្កើតមនុស្សយន្តនេះឡើង ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុតមួយគឺដើម្បីលើកកម្ពស់ការប្រើប្រាស់ «ភាសាជាតិ» នៅក្នុងបច្ចេកវិទ្យាឌីជីថលឱ្យបានកាន់តែច្រើនបន្ថែមទៀត។ មនុស្សយន្តមួយនេះ អាចប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សបាន តាមរយៈការនិយាយជាភាសាខ្មែរ ការផ្ដល់សេវាបដិសណ្ឋាកិច្ច ដូចជាផ្ដល់នូវព័ត៌មានទូទៅពាក់ព័ន្ធនឹងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ មិនតែប៉ុណ្ណោះ Robotនេះ ក៏អាចស្ដាប់រាល់ការនិយាយជាភាសាខ្មែរ ធ្វើការវិភាគរាល់ពាក្យពេចន៍ទាំងនោះ នឹងឆ្លើយតបជាភាសាខ្មែរមកវិញ ហើយវាក៏ត្រូវបានដាក់បញ្ចូលមុខងារចាប់កាន់បានអាចសម្គាល់បានមុខមនុស្ស និងវត្ថុនានា។ លោក ប្រាជ្ញ ច័ន្ទឧត្ដម ដែលជាអ្នកសម្របសម្រួលបច្ចេកវិទ្យាឌីជីថលផ្នែក A.I បានឱ្យដឹងដែរថា ការបង្កើតមនុស្សយន្តដ៏ឆ្លាតវៃនេះឡើង ដើម្បីបង្កើនសកម្មភាពនៃការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឱ្យបានកាន់តែច្រើនជាងមុននៅកម្ពុជា។ Robot នេះបានដាក់ចូលនៅបច្ចេកវិទ្យាជាច្រើនដូចជា ការដាក់ចូលនៅមុខងារ បម្លែងអក្សរខ្មែរជាភាសាខ្មែរ, ប្រព័ន្ធ Chat-bot និងកម្មវិធីវិភាគមុខមនុស្សនិងវត្ថុជាដើម។ លើសពីនេះទៀត លោក ប្រាជ្ញ ច័ន្ទឧត្ដម និងក្រុមអ្នកស្រាវជ្រាវដទៃទៀត ក៏គ្រោងបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីអាចជួយដោះស្រាយបញ្ហានៅក្នុងសង្គម តាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជននានាមួយចំនួនផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី